សម្តេចធិបតី៖ ជំនួបជាមួយអ្នកសារព័ត៌មាននាថ្ងៃនេះបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលំហរសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ជំនួបជាមួយអ្នកសារព័ត៌មាននាថ្ងៃនេះ បង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលំហរសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ដោយគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងអាជីពសារព័ត៌មានកាន់តែល្អប្រសើរ ជាពិសេសរួមគ្នាខិតខំផ្សព្វផ្សាយព័ត៌មានពិត ហើយរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នាថ្ងៃទី៣ ខែឧសភានេះ។
សម្តេចធិបតីបានបន្តថា ជំនួបជាមួយអ្នកសារព័ត៌មាន គឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានជួបដោយផ្ទាល់ និងបង្កើតបានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន អ្នកផលិតមាតិកាទាំងអាជីព និងមិនមែនអាជីពផ្សេងៗ ដែលនេះជាសេរីភាពយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ហើយផ្អែកលើច្បាប់ដែលបានកំណត់ និងគោរពសិទ្ធិគ្នាទៅវិញទៅមក៕