សម្តេចធិបតី៖ ព័ត៌មានដែលល្អ និងមានអ្នកចូលចិត្តច្រើន គឺជាព័ត៌មានដែលប្លែក ពិត លឿន សុក្រឹត្យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសសន៍បញ្ជាក់ថា ព័ត៌មានដែលល្អ និងមានអ្នកចូលចិត្តច្រើន គឺជាព័ត៌មានដែល ប្លែក ពិត លឿន សុក្រឹត។ ព័ត៌មានប្លែក ពិត និងសុក្រឹត្យ ពលរដ្ឋ នឹងបន្តតាមដាន និងជឿជាក់ ហើយឱ្យតម្លៃ ដូច្នេះហើយអ្នកសារព័ត៌មានទាំងអស់ គប្បីត្រូវប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនឱ្យខាងតែបានកុំបំភ្លើស កុំបំភ្លៃ។ ការបញ្ជាក់នេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មាន នៅជ្រោយចង្វារ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្តេចធិបតីក៏បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ខណៈការផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈនេះ បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនក្តាប់តូចនោះ។ សម្តេចធិបតី បានចាត់ទុកអ្នកសារព័ត៌មាន គឺជាមែកធាងគ្រប់គ្រងរបស់រដ្ឋ ហើយរាជរដ្ឋាភិបាលប្រកាសថានឹងគោរពឱ្យបានល្អបំផុត ចំពោះសិទ្ធិអ្នកសារព័ត៌មានស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅក្រុមអ្នកសារព័ត៌មានមួយចំនួន កុំយកអាជីពអ្នកសារព័ត៌មានឯករាជ្យ ហើយទៅរំលោភបំពានសិទ្ធិគេឱ្យសោះ គប្បីត្រូវគោរពគ្នាទៅវិញទៅមក ត្រូវ មានសុចរិតភាព និងត្រូវមានព្រំដែនឱ្យច្បាស់លាស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ កុំយកអាជីពអ្នកកាសែតទៅចុះផ្សាយនិយាយអាក្រក់ពីអ្នកដទៃ ដើម្បីតែផលប្រយោជន៍ខ្លួនឯងឱ្យសោះ ដោយត្រូវប្រកាន់ខ្ជាប់នូវសុក្រិតភាព និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន៕