រុស្ស៊ីថា ជំនួបលោក Putin និងលោក Trump នៅមជ្ឈិមបូព៌ា នៅពុំទាន់ច្បាស់ទេ
មូស្គូ ៖ នៅពេលសួរពីលទ្ធភាពនៃជំនួបរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត វិមានក្រឹមឡាំងបានអះអាងថា ជំនួបមួយនេះគឺចាំបាច់ ប៉ុន្តែលោក Putin ពុំទាន់មានផែនការធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ានោះទេ នៅពាក់កណ្តាលខែឧសភានេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា មេដឹកនាំរុស្ស៊ីនៅមិនទាន់កំណត់ដំណើរទស្សនកិច្ចទៅកាន់ទីនោះទេ (តំបន់មជ្ឈិបូព៌ា) ប៉ុន្តែប្រាកដណាស់ថា ជំនួបមួយនេះ អ្នកណាក៏ចង់បានដែរ។
លោក Peskov បន្ថែមថា បើតាមមធ្យោបាយជាច្រើន ពួកយើងគិតថា វាពិតជាសំខាន់ខ្លាំង។ វាត្រូវតែរៀបចំឲ្យបានត្រឹមត្រូវ និងត្រូវការកិច្ចខិតខំកម្រិតអ្នកជំនាញជាច្រើន រួមទាំងការប្រាស្រ័យទាក់ទងបន្តរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានអ្វីច្បាស់លាស់ទេ។
កាសែត Axios រាយការណ៍ថា លោកប្រធានាធិបតី Trump នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា និងអារ៉ាប់រួម នៅក្នុងខែនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយក្រុមមេដឹកនាំឈូងសមុទ្រ៕
ប្រភព ៖ CNA