សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ
(កណ្ដាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានរួមចំណែកឈានមុខដល់ការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ ពិសេសលើវិស័យសំខាន់ៗ ដូចជា៖ វិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍, អប់រំ, សុខាភិបាល, ការងារ និងហេដ្ឋារចនាសម្ព័ន្ធ, រួមទាំងការទទួលយកពលករកម្ពុជាជាច្រើន ទៅបម្រើការងារនៅប្រទេសកូរ៉េក្នុងលក្ខខណ្ឌល្អប្រសើរគួរជាទីទុកចិត្ត ។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលសមិទ្ធផលនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុង៦សង្កាត់នៃក្រុងតាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងអភិវឌ្ឍប្រព័ន្ធចម្លោះទឹកកខ្វក់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និងបរិស្ថាន តាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការការពារបរិស្ថាន សំដៅចូលរួមលើកកម្ពស់ សុខភាព និងសុខុមាលភាពរបស់ប្រជាជន ជាពិសេស អ្នករស់នៅក្នុង និងជុំវិញក្រុងតាខ្មៅ ។
សម្តេចធិបតី បានគូសរំលេចពីគុណតម្លៃនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង បានចាប់ផ្ដើមឡើងនៅឆ្នាំ១៩៧០ តែចាប់ផ្ដើមឡើងសឹងតែរលុបទៅវិញ ដោយសារជំនាន់ខ្មែរក្រហម តែក្រោយមកសម្ដេចតេជោ ហ៊ុន សែន ក៏បានពុះពារក្នុងការតភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា ជាមួយសាធារណៈរដ្ឋកូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ខណៈឆ្នាំនេះ ជាឆ្នាំទី២៨ នៃទំនាក់ទំនងការទូតផ្លូវការកម្ពុជា-កូរ៉េខាងត្បូង ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងឆ្នាំកន្លងទៅនេះ ពិសេស នៅពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចទៅកាន់សាធារណៈរដ្ឋកូរ៉េ ក៏បានលើកកម្រិតការទូតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនឹងបង្កើននូវសហថាមពលក្នុងកិច្ចសហការរួមគ្នា ៕