កម្ពុជា ប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ នៃទិវាកាកបាទក្រហមកម្ពុជា ក្រោមមូលបាទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” និងប្រមូលថវិការបស់សប្បុរសជន សម្រាប់ចូលរួមការងារសប្បុរសធម៌ និងជួយជនរងគ្រោះ ។
ក្នុងពិធីអបអរសាទរទិវានៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍ មានប្រសាសន៍ថា សម្រាប់មូលនិធិដែលចូលជាមួយកាកបាទក្រហមកម្ពុជា គឺអាចបំពេញជាជំនួយការឲ្យអាជ្ញាធរសាធារណៈនូវវិស័យមនុស្សធម៌បានយ៉ាងសាកសម និងជាបន្តបន្ទាប់ អាចរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
លោកជំទាវបណ្ឌិត បន្តថា ក្រោយវិបត្តិជំងឺកូវីដ-១៩ គឺនាពេលបច្ចុប្បន្ននេះ ពិភពលោកទាំងមូល កំពុងជួបបញ្ហាការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្តែសកម្មភាពនៃការចូលរួមជាមួយកាកបាទក្រហម ក្នុងការងារមនុស្សធម៌នៅតែបន្តមាន ដូចនេះសូមថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសចូលរួមជួយជនរងគ្រោះ និងអ្នកមានជីវភាពខ្វះខាត។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានថ្លែងថា កាលពីឆ្នាំ២០២៤កន្លងទៅ មូលនិធិកាកបាទក្រហមកម្ពុជា បានសម្រេចសមិទ្ធផលសំខាន់ៗដូចជា ការជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួនជាង ១ពាន់គ្រួសារ នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និង ៤ ៥០០គ្រួសារ នៅខេត្តឧត្តរមានជ័យ។
លោកជំទាវ បានបន្តថា ក្នុងឆ្នាំដដែលនេះ បានឧបត្ថម្ភថវិកាដល់កងកម្លាំងឈរជើងការពារតាមបន្ទាត់ព្រំដែន ជនរងគ្រោះដោយសារគ្រាប់មីន និងគ្រួសារមានជំងឺរ៉ាំរ៉ៃ ការជួយសម្រាលជីវភាពប្រជានុរាស្ត្ររងគ្រោះ និងងាយរងគ្រោះបំផុតដោយផ្ទាល់ ជិត៦ម៉ឺនគ្រួសារ, បានជួយកសាង និងជួសជុលផ្ទះ, សង់បង្គន់អនាម័យតាមផ្ទះ និងសាលារៀន, អណ្ដូងទឹក, ប្រព័ន្ធចម្រោះទឹកស្អាត និងកន្លែងលាងដៃ, បានផ្ដល់មូលនិធិ ១លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងផ្ដល់ថវិកា ៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរសៀមរាបជាដើម។
គួរបញ្ជាក់ថា មកដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ សប្បុរសជន បរិច្ចាគថវិកា ដល់កាកបាទក្រហមកម្ពុជាបានចំនួនជាង ១២លានដុល្លារ ក្នុងឱកាសខួបលើកទី១៦២ ឆ្នាំ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៕