ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំពិភាក្សាលើការប្រើប្រាស់ឥណទានពីក្រៅប្រទេសដើម្បីស្ដារវិស័យអចលនទ្រព្យនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំពិភាក្សាលើការប្រើប្រាស់ឥណទានពីក្រៅប្រទេស ដើម្បីស្ដារវិស័យអចលនទ្រព្យនៅកម្ពុជា ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីជូនដំណឹងទាក់ទិននឹងអត្រាការប្រាក់ដែលធនាគារចិនបានផ្តល់ជូន ដែលនេះជាកិច្ចការដ៏ល្អមួយសម្រាប់ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីជូនដំណឹងទាក់ទិននឹងអត្រាការប្រាក់ដែលធនាគារចិនបានផ្តល់ជូន ដែលនេះជាកិច្ចការដ៏ល្អមួយសម្រាប់ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ។ ការជួបជុំគ្នានាពេលនេះក៏ដើម្បីជជែកពិភាក្សា និងស្នើសុំឱ្យមានការយោគយល់គ្នាទៅវិញទៅមក អំពីការសម្រួលលើឧស្សាហកម្មកម្ចីប្រាក់ដើម្បីទិញផ្ទះ ដែលកត្តានេះនឹងជួយសម្រួលលើផលប៉ះពាល់ដល់អាយុជីវិតប្រទេសជាតិនិងរាជរដ្ឋាភិបាលកម្ពុជា ។ បច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយវិវាទបុរីអស់ជាច្រើនករណី ដើម្បីឱ្យប្រជាពលរដ្ឋជាអតិថិជនរបស់បុរីមានទំនុកចិត្ត ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលខិតខំរិះរកដំណោះស្រាយសមស្របរវាងពួកគាត់និងម្ចាស់បុរី ។
ជាមួយនេះក្រសួងក៏បានជួយដោះស្រាយសម្របសម្រួលលើអត្រាការប្រាក់ ជាមួយបណ្ដាធនាគារ និងមីក្រូហិរញ្ញវត្ថុនានា ក្នុងកម្ចីទិញផ្ទះសម្រាប់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់មានលទ្ធភាពទិញលំនៅឋានរស់នៅសមរម្យ និងជួយលើកស្ទួយការប្រើប្រាស់ប្រាក់រៀល និងរក្សាស្ថេរភាពប្រាក់រៀលផងដែរ ។
នៅក្នុងកិច្ចប្រជុំក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងវិស័យឯកជន ដែលមានការចូលរួមរបស់ធនាគារជាតិ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុ សមាគមអ្នកសាងសង់កម្ពុជា ធនាគារចិន (Bank of China) បានលើកនូវជម្រើសថ្មីជូនអ្នកអភិវឌ្ឍលំនៅឋាន និងអ្នកដែលបានទិញផ្ទះ និងមានបំណងទិញផ្ទះ ដោយធនាគារនឹងផ្តល់នូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងពី ៦,២% ទៅ ៦,៥% ។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់បន្ថែមថា ធនាគារចិនមានបំណងចង់ចូលរួមវិនិយោគក្នុងវិស័យប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាបសម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា ដូច្នេះនេះគឺជាកត្តាល្អមួយសម្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់ទិញលំនៅឋានសម្រាប់រស់នៅហើយមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ គឺអាចមានឱកាសទិញលំនៅឋានបានតាមរយៈប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាបសមស្របតាមលទ្ធភាពដែលខ្លួនមាន ហើយនេះក៏ជាកត្តាល្អមួយ ដែលជំរុញឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានដំណើរការល្អឡើងវិញ ដោយសារប្រជាពលរដ្ឋមានលទ្ធភាពទិញផ្ទះ ហើយសំណង់លំនៅឋានដែលនៅសេសសល់នោះ ក៏អាចលក់អស់និងមិនជាប់គាំងផងដែរ ៕