វៀតណាមគ្រោងចាយ៦០ពាន់លានដុល្លារ សង់ផ្លូវដែកល្បឿនលឿន
ហាណូយ ៖ ក្រុមហ៊ុនវៀតណាម VinSpeed បានស្នើវិនិយោគ លើគម្រោងផ្លូវរថភ្លើងល្បឿនលឿន តម្លៃប្រមាណ ៦១ពាន់ដុល្លារអាមេរិក ដែលនឹងភ្ជាប់ រវាងភាគខាងជើង និងខាងត្បូង។
បើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress នាពេលថ្មីៗនេះ ក្រុមហ៊ុន VinSpeed ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាម Vingroup បានអះអាងថា បច្ចុប្បន្ន ខ្លួនកំពុងពិភាក្សាជាមួយដៃគូឈានមុខគេ មកពីប្រទេសចិន អាល្លឺម៉ង់ និងជប៉ុន ដើម្បីសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងការផលិតក្បាលរថភ្លើង ទូរថភ្លើង និង ប្រព័ន្ធផ្តល់សញ្ញា ជាដើម។
ក្រុមហ៊ុន VinSpeed បានបន្តថា គម្រោងនេះ គ្រោងនឹងចាប់ផ្តើមការសាងសង់ នៅមុនខែធ្នូ ឆ្នាំ២០២៥ ហើយមានផែនការ បញ្ចប់រួចរាល់ នៅឆ្នាំ២០៣០។ ក្រុមហ៊ុន ប្តេជ្ញាប្រមូលទុន ២០% នៃកញ្ចប់ថវិកាវិនិយោគសរុប ដែលស្មើនឹង ១២.២៧ ពាន់លានដុល្លារ ហើយនៅសេសសល់ ៨០%ទៀត ក្រុមហ៊ុនបានស្នើសុំខ្ចី ពីថវិការដ្ឋ តាមរយៈកម្ចីគ្មានការប្រាក់ ដែលអាចសងវិញ ក្នុងរយៈពេល៣៥ឆ្នាំ។
តំណាងក្រុមហ៊ុន VinSpeed បានអះអាងនូវការយកចិត្តទុកដាក់ ឥតងាករេរបស់ក្រុមហ៊ុន ចំពោះគម្រោង ដោយសង្កត់ធ្ងន់ ទៅលើការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហគ្រាសក្នុងស្រុក ដើម្បីកសាងទាំងប្រព័ន្ធផ្លូវដែក និង ឧស្សាហកម្មរថភ្លើងល្បឿនលឿន ប្រកបដោយនិរន្តរភាព នៅវៀតណាម៕