ក្រសួងព័ត៌មានជូនដំណឹងឱ្យស្ថានីយទូរទស្សន៍ទាំងអស់ត្រូវបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍
ភ្នំពេញ៖ក្រសួងព័ត៌មាននៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥បានចេញសេចក្តីជូនដំណឹងប្រាប់ដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជាចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ត្រូវបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។
គួរបញ្ជាក់ថាសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានធ្វើឡើងបន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានជូនយោបល់ទៅរាជរដ្ឋាភិបាលកម្ពុជាលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់
សម្តេចថា ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។
កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណា តែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា៕