យ៉ាងហោចណាស់ មនុស្ស ២នាក់បាត់ខ្លួន ក្នុងគ្រោះជំនន់ទឹកភ្លៀង

ព្រះសីហនុ/កោះកុងៈ យ៉ាងហោចណាស់ មនុស្សចំនួន២នាក់បានបាត់ខ្លួន ក្នុងជំនន់ទឹកភ្លៀង​ហូរ​ច្រោះ​ដាច់​ផ្លូវ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនានេះ។

លោកស៊ុំ តារ៉ាវុធ នាយប៉ុស្តិ៍នគរបាលសង្កាត់លេខ១ ក្នុងក្រុងព្រះសីហនុបានឱ្យដឹងនៅថ្ងៃចន្ទ ទី​២៣​ខែ​មិ​ថុ​នា​​​នេះថា ស្រ្តីឈ្មោះទ្រី ផល្លី​ អាយុ៥៤ឆ្នាំបានបាត់ខ្លួន នៅខណៈពេលដែលកំពុងតែជិះម៉ូតូត្រឡប់ទៅផ្ទះវិញ តាមផ្លូវ​ចូ​លរ​ម​ណីយ​ដ្ឋា​ន​ក្បា​ល​ឆាយ ដែលត្រូវបានទឹកជំនន់ហូរកាត់ផ្តាច់កាលពីព្រឹកថ្ងៃអាទិត្យ។

លោកបញ្ជាក់ថា៖«គាត់ធ្វើការជាចុងភៅនៅក្រុងព្រះសីហនុ ហើយជិះម៉ូតូធ្វើដំណើរចូលទៅក្បាលឆាយ ទៅ​ផ្ទះ​វិញ។ ជនរងគ្រោះរកមិនទាន់ឃើញទេ។ ឃើញតែម៉ូតូ ហើយកម្លាំងកំពុងតែបន្តរកទៀត»។

អភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ ស្ថាន​ភាព​ទឹក​ភ្លៀង​នៅ​តែបន្តធ្លាក់ ក្នុងកម្រិតទឹកខ្ពស់ ដែលបានធ្វើឱ្យមានទឹកជំនន់នៅតំបន់ក្បាលឆាយ។ ជំនន់ទឹកភ្លៀង​នេះ ​បានហូរច្រោះដាច់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយប្រវែង ២០ម៉ែត្រ ត្រង់ចំណុច PK4.70 ស្ថិត​នៅ​សង្កាត់​លេខ១ ក្រុងព្រះសីហនុ។

ដើម្បីបញ្ចៀសនូវផលប៉ះពាល់ផ្សេងៗ ក៏ដូចជាការពារសុវត្ថិភាព រដ្ឋបាលខេត្តក៏បានណែនាំឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការចូលកម្សាន្ត នៅ​ក្នុង​រ​មណី​យ​ដ្ឋាន​ក្បា​ល​ឆា​យ និងការធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយត្រង់ចំណុច PK4.70 រហូតដល់មានការជូនដំណឹងជាថ្មីអំពីការបើកចរាចរណ៍ឡើងវិញ។

ក្នុងករណីដាច់ដោយឡែកមួយទៀត ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកគិរីសាគរ  ខេត្ត​កោះ​កុង លោក ជីប សារិទ្ធ ក៏កំពុងតែត្រូវបានបាត់ខ្លួន នៅថ្ងៃដដែលនោះផងដែរ នៅពេលដែលលោក ចុះ​ហែល​​ឆ្លងទឹក នៅផ្លូវមួយកន្លែង ដែលត្រូវបានទឹកហូរកាត់ផ្តាច់ ស្ថិតក្នុងភូមិតានី ឃុំភ្ញីមាស។

នៅមុនពេលហែលទៅផ្នែកម្ខាងនៃផ្លូវ ដើម្បីទៅជួយជួសជុលស្ពាន ដែលទឹកហូរបុកបាក់នោះ លោក​សារិទ្ធ​ក៏​បាន​ពាក់អាវ​ពោង​ការមួយផងដែរ។ ប៉ុន្តែដោយសារតែកម្លាំងទឹកហូរខ្លាំងពេក ក៏​បាន​កួច​លោកចូ​ល​ទៅ​ក្នុង​លូ​បាត់​រហូតមក។ ក្រុមការងារកំពុងតែស្វែងរកលោកបន្តទៀត មកដល់រសៀលថ្ងៃចន្ទនេះ។

ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា សម្ពាធទាប ដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គលើ របបខ្យល់មូសុងនិរតី និង​ប្រទេស កម្ពុជា។ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនានេះ ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់វាលទំនាប អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។ ក្នុងនោះរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ។

រីឯនៅតំបន់ខ្ពង់រាប ក៏អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%ផងដែរ ដូចជាខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង​តំបន់ជួរ ភ្នំក្រវាញ។

ចំពោះតំបន់មាត់សមុទ្រវិញ ដូចជាខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣០%៕

អត្ថបទដែលជាប់ទាក់ទង