លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យធីតា ចុះពិនិត្យនិងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅ​ខេត្ដព្រះវិហារ

ព្រះវិហារ៖កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោហៅកាត់ ធីតា (TYDA) បានដឹកនាំក្រុមគ្រូពេទ្យចុះទៅពិនិត្យ និងព្យាបាល​ជំងឺជូនប្រជា​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃនៅក្នុងបរិវេណក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិតផត ស្ថិតក្នុងភូមិ អូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។តាមរយៈសកម្មភាពមនុស្ស ធម៌ពេញមួយថ្ងៃនេះប្រជាពលរដ្ឋចំនួន ៤ ៨២៦នាក់​បានទទួលការពិនិត្យ និងព្យាបាល​ជំងឺ។

ក្នុងសកម្មភាពនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែយក​ចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ​គ្រប់​ពេល​វេលា តាមរយៈការបង្ខិតសេវា​ព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ជាក់ស្តែង​ថ្ងៃនេះលោកជំទាវ​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យជំនាញ៤១០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងនេះមានការពិនិត្យ និង​ព្យាបាលទៅលើជំងឺទូទៅ, ជំងឺ​មាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺ​ឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម និងបញ្ជូនទៅ​ព្យាបាល​បន្តក្នុងករណី​មានជំងឺធ្ងន់ធ្ងរ។

សូមជម្រាបថា ក្រុមគ្រូពេទ្យ ធីតាចំនួន៤១០នាក់បានពិនិត្យ និងព្យាព្យាបាល ជូនប្រជាពលរដ្ឋ ៤ ៨២៦នាក់ ស្មើនឹង ៩ ៤៨០ករណី ក្នុងនេះមានករណីធ្ងន់ធ្ងរ៤២ករណី ត្រូវបញ្ជូនបន្តទៅព្យាបាលនៅរាជធានីភ្នំពេញ ក្រោមការចំណាយនិងឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង