អាជ្ញាធរថា អ៊ីស្រាអែលបាញ់សម្លាប់មនុស្សជាង៧០០នាក់ ពេលទៅយកទឹកពីអណ្តូង នៅហ្គាហ្សា

បរទេស៖ អាជ្ញាធរនៅក្នុងតំបន់ហ្គាហ្សា បានអះអាងថា ប្រជាជនប៉ាឡេស្ទីន ជាង៧០០នាក់ ភាគច្រើនជាកុមារ ត្រូវបានបាញ់សម្លាប់ ក្នុងពេលទៅប្រមូលយកទឹកពីអណ្តូង ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Anadolu Ajansı កាលពីថ្ងៃទី១៤ ខែកក្កដា។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋបាលតំបន់ហ្គាហ្សា បានកត់ត្រាថា
អ៊ីស្រាអែល បានបន្តធ្វើសង្រ្គាម ដោយយកភាពស្រេកឃ្លាន ជាចេតនា ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន រំលោភលើអនុសញ្ញាអន្តរជាតិ និងមនុស្សធម៌ទាំងអស់។ ប្រភពបានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលថា បានប្រើប្រាស់ទឹក ជាអាវុធនៃសង្គ្រាម ដើម្បីដកហូតសិទ្ធិមូលដ្ឋានបំផុត របស់ប្រជាជនប៉ាឡេស្ទីន។ គេបានកត់សម្គាល់ថា កងកម្លាំងទាហានអ៊ីស្រាអែល បានប្រព្រឹត្ត ការសម្លាប់រង្គាល ចំនួន១១២លើក នៅកន្លែងប្រមូលយកទឹក បំផ្លាញអណ្តូងជាង ៧២០ កន្លែង។

កាលពីថ្ងៃអាទិត្យ មនុស្ស យ៉ាងហោចណាស់ ១២នាក់ ត្រូវបានសម្លាប់ រួមទាំង កុមារ ៨នាក់ ផងដែរ ដោយសារតែការវាយប្រហារ របស់អ៊ីស្រាអែល ខណៈពេលដែលពួកគេ កំពុងរង់ចាំ ប្រមូលទឹក នៅក្នុងជំរុំជន ភៀសខ្លួន នៅតំបន់ Nuseirat ភាគកណ្តាល នៃ តំបន់ហ្គាហ្សា។

ប្រភព បានបញ្ជាក់បន្ថែមថា ការវាយប្រហារលើអណ្តូងទឹក បានកាត់ផ្តាច់ មិនឲ្យប្រជាជនប៉ាឡេស្ទីនជាង ១លាន២៥ម៉ឺននាក់ គ្មានទទួលបានទឹកស្អាត ប្រើប្រាស់។

ដោយបដិសេធ ការអំពាវនាវជាអន្តរជាតិ ឱ្យមានបទឈប់បាញ់ កងទ័ពអ៊ីស្រាអែល បានបន្តការវាយលុក យ៉ាងព្រៃផ្សៃ នៅតំបន់ Gaza Strip ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់ ប្រជាជនប៉ាឡេស្ទីនជាង ៥៨,០០០នាក់ មកទល់ពេលនេះ ដែលភាគច្រើន ជាស្ត្រី និងកុមារ។ ការទម្លាក់គ្រាប់បែកឥតឈប់ឈរ បានបំផ្លាញតំបន់ជុំវិញ ហើយនាំឱ្យមានការខ្វះខាតស្បៀងអាហារ និងការរីករាលដាល នៃជំងឺផ្សេងៗ៕

ប្រភពពី Anadolu Ajansı

អត្ថបទដែលជាប់ទាក់ទង