ក្រសួងព័ត៌មានកត់ត្រាព័ត៌មានក្លែងក្លាយរហូតដល់ ១ ៧៥៧ករណី ឆមាសទី១ ឆ្នាំ២០២៥
ក្រសួងព័ត៌មាន បានឱ្យដឹងថាក្នុងឆមាសទី១ នៃឆ្នាំ២០២៥នេះ ក្រសួងបានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ១ ៧៥៧ករណី។ ចំនួននេះមានការកើនឡើងប្រមាណ ៣,២៩ភាគរយ បើគិតក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៤ តែកើនឡើង១៥ភាគរយ ក្នុងឆ្នាំ២០២៣។
ព័ត៌មានក្លែងក្លាយ គឺសំដៅទៅលើរបាយការណ៍មិនពិត ឬព័ត៌មានមិនពិត ដែលត្រូវបានចែករំលែកក្នុងទម្រង់ជា អត្ថបទ រូបភាព វីដេអូ ឬទម្រង់ផ្សេងៗ ដោយក្លែងបន្លំថាជាព័ត៌មានពិត។ កំណើននៃព័ត៌មានក្លែងក្លាយ កំពុងមានសន្ទុះខ្លាំង នៅអំឡុងពេលដែលពិភពលោកកំពុងប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិមិ្មត (AI) បណ្ដាញទំនាក់ទំនងសង្គមជាដើម។
ព័ត៌មានក្លែងក្លាយ ត្រូវបានបង្កើតឡើង ដោយបុគ្គល ឬក្រុម ដែលធ្វើសកម្មភាព ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬហេតុផលនយោបាយ និងហេតុផលសេដ្ឋកិច្ចជាដើម។ ព័ត៌មានក្លែងក្លាយ មានចរឹកញុះញង់ បំផ្លើសបំភ្លៃសភាពការណ៍ពិត ក្នុងគោលដៅបង្កើតចលាចល ធ្វើឱ្យសង្គមវឹកវរជ្រួលច្របល់។
តបនឹងបញ្ហានេះក្រសួងព័ត៌មាន បានបើកយុទ្ធនាការ «និយាថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» រយៈពេល១២ខែ កាលពីដើមខែមេសា ក្នុងបំណងផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាជន ពិសេសលើបណ្ដាញសង្គម ដើម្បីរួមគ្នា ទប់ស្កាត់ការរីករាលដាលព័ត៌មានក្លែងក្លាយ។
ជុំវិញយុទ្ធនាការនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ លើកឡើងថា យុទ្ធនាការកំពុងអនុវត្តតាមបណ្ដាខេត្ត ហើយយុទ្ធនាការនេះកំពុងប្រែក្លាយជាចលនាជាតិក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយពីសង្គម។
ក្នុងបទសម្ភាសជាមួយក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បញ្ជាក់បន្ថែមថា យុទ្ធនាការនេះបានលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាននិង ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋ ឱ្យក្លាយជាពលរដ្ឋឌីជីថលល្អ។ ពលរដ្ឋដែលប្រើប្រាស់ព័ត៌មានបានត្រឹមត្រូវនិងដោយទទួលខុសត្រូវ។
បើតាមអ្នកនាំពាក្យរូបនេះ មកទល់ឆមាសទី១ ឆ្នាំ២០២៥ យុទ្ធនាការបានអនុវត្តក្នុងរាជធានីភ្នំពេញ, កណ្ដាល, កំពង់ស្ពឺ, កំពង់ឆ្នាំង, តាកែវ, កំពត និងកែប ខណៈយុទ្ធនាការនេះកំពុងអនុវត្តក្នុងខេត្តព្រះសីហនុ និងកោះកុង សម្រាប់ខែកក្កដា៕