កម្ពុជា នឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២០-២២ ខែកក្កដា ព្រោះឥទ្ធិពលព្យុះទី៦ Wipha
ភ្នំពេញ៖ តាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក កម្ពុជានឹងមានភ្លៀងធ្លាក់គួបផ្សំនឹងផ្គររន្ទះ និងខ្យល់កន្រ្តាក់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែកក្កដា ដែលបណ្ដាលមកពីព្យុះទី៦ ឈ្មោះ វីពផា (Wipha) T2506 ក្នុងឆ្នាំ២០២៥។
បើតាមក្រសួងធនធានទឹក ព្យុះទី៦ Wipha នេះ គ្មានឥទ្ធិពលធ្ងន់ធ្ងរមកលើកម្ពុជាឡើយ។ យ៉ាងណា ចាប់ពីថ្ងៃទី២០ ដល់២២ ខែកក្កដា តំបន់វាលទំនាបកម្ពុជា នឹងមានសីតុណ្ហភាពមធ្យម ចន្លោះពី២៤-៣៤អង្សា ដែលធ្វើឱ្យខេត្តបន្ទាយមានជ័យ,បាត់ដំបង,ពោធិ៍សាត់,កំពង់ឆ្នាំង,សៀមរាប,កំពង់ធំ,កំពង់ចាម,ត្បូងឃ្មុំ,ព្រៃវែង,កណ្ដាល,តាកែវ,ស្វាយរៀង និងភ្នំពេញ នឹងមានភ្លៀងធ្លាក់ គួបផ្សំផ្គររន្ទះ និងខ្យល់កន្រ្តាក់១០ភាគរយ។
ចំណែកតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពមធ្យម ចន្លោះពី២៣-៣៣អង្សា ដែលនឹងធ្វើឱ្យខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចន្លោះពី១៥-២៥ភាគរយ។ ចំពោះតំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត និងកែប នឹងមានសីតុណ្ហភាពចន្លោះពី២៣-៣៣អង្សា ដែលអាចនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។ អំឡុងពេលនោះ រលកសមុទ្រនឹងមានកម្ពស់ចន្លោះ០,៥០ម៉ែត្រ ទៅ២,៥០ម៉ែត្រផងដែរ៕