ក្រសួងបរិស្ថាន៖ ផ្លូវជាតិទាំងអស់ នឹងលែងមានសំរាម នៅចុងឆ្នាំ២០២៥

ភ្នំពេញ៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបាន ៩៤,១២ ភាគ រយ ក្នុងឆមាសទី១ ឆ្នាំ២០២៥។ ក្រសួងបរិស្ថាន មានសុទិដ្ឋិ​និយមថា ផ្លូវជាតិទាំងអស់ នឹង ទទួលបានភាពស្អាតនៅចុងឆ្នាំ២០២៥ ស្របពេលផ្លូវជាតិប្រមាណ ៧៥ភាគរយ ឬស្មើ ៤ ៧២៥ គីឡូម៉ែត្រ មានសភាពស្អាតល្អ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី ២០ ខែកក្កដាថា រយៈពេល៦ខែ ឆ្នាំ២០២៥នេះ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបានការសម្អាតផ្លូវជាតិ ៦៤ខ្សែ ឬស្មើ ៩៤,១២ភាគរយ នៃចំនួន ផ្លូវជាតិគោលដៅសរុបទូទាំងប្រទេស ដែលមានចំនួន ៦៨ខ្សែ និងមានប្រវែង ៦ ៣៤៩ គីឡូម៉ែត្រ។

ក្នុងរយៈពេលដដែលនេះ ផ្លូវជាតិប្រវែង ៦ ២០៥,៦៧ គីឡូម៉ែត្រ ឬស្មើនឹង៩៧,៧៤ ភាគ រយ ត្រូវបានសម្អាតរួចរាល់ដោយបានប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក ជាប់ជា ប្រចាំ។ ការងារនេះ មានការចូលរួមពីមន្ទីរបរិស្ថានរាជធានី ខេត្ត សហការជាមួយ រដ្ឋបាល ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិល សមាគម ដៃគូសហការ ផ្នែកឯកជន និងពលរដ្ឋតាមមូលដ្ឋាន។

ចំពោះ ឃុំសង្កាត់ដែលជាប់ផ្លូវជាតិមានចំនួន ៩៥០ ឃុំ/សង្កាត់ ក្នុងនោះឃុំ/សង្កាត់ចំនួន ៨៩៥ បានចូលរួមក្នុងយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ​មានអ្នក​ចូល​រួមសរុប ២៦៣ ៥៥២នាក់ ព្រមទាំងបានប្រមូលទុកដាក់សំណល់សរុបជាង ៣៤៥​តោន​។

បើតាម លោក ខ្វៃ អាទិត្យា ផ្លូវជាតិដែលនៅសេសសល់ មិនទាន់បានសម្អាត ដោយសារ​មូល​ហេតុ​ផ្លូវកំពុងជួសជុល។ យ៉ាងណាក៏ដោយ ក្រសួងបរិស្ថាន មានសុទិដ្ឋិនិយម ថា ផ្លូវជាតិទាំងអស់នៅកម្ពុជា នឹងទទួលបានភាពស្អាត នៅចុងឆ្នាំ២០២៥។

ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មាន​សំរាម​​ប្លាស្ទិក» កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ក្នុងពេល​ប្រកាសបើកយុទ្ធនាការនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធនាការសម្អាតផ្លូវជាតិ​​នេះ នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាម​បណ្តា​ផ្លូវជាតិ​ទូទាំង​ប្រទេស ឱ្យកាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និង​សណ្តាប់ធ្នាប់​ល្អ ប្រកប​ដោយ​ផាសុកភាព។

​សម្រាប់រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ផ្លូវស្អាត ​នឹងជួយទាក់ទាញអ្នកវិនិយោគ និងទេសចរ​មក​កម្សាន្ត​ប្រទេសកម្ពុជា​កាន់តែច្រើន។ ដូច្នេះ លោករដ្ឋមន្ត្រី ក៏ស្នើ​ដល់វិស័យសាធារណៈ និង​ឯកជន រដ្ឋបាលរាជធានី-ខេត្តគ្រប់លំដាប់ថ្នាក់ គ្រូ​បង្រៀន សិស្សានុសិស្ស និងពលរដ្ឋ រួម​គ្នា​បង្កើតសកម្មភាពចុះសម្អាតផ្លូវជាតិនៅតាមមូលដ្ឋាន​រៀង​ៗ​​ខ្លួន ដើម្បី​«ផ្លូវជាតិ»​នៅកម្ពុជា​ស្អាត។

សូមជម្រាបថា បច្ចុប្បន្ន ក្នុងមួយថ្ងៃ កម្ពុជាបានបង្កើតសំរាមជាង១ម៉ឺនតោន ឬស្មើនឹងជិត ៤​លាន​​​តោន​ក្នុងមួយឆ្នាំ។ ដោយឡែកនៅរាជធានីភ្នំពេញ មានសំរាមចន្លោះពី ៣ទៅ​៥​ពាន់​តោនក្នុងមួយថ្ងៃ ក្នុងនោះសំណល់ម្ហូបអាហារប្រមាណ៦០ភាគរយ និងថង់​ប្លាស្ទិកប្រ​មាណ២០​ភាគរយ។ ក្រៅពីនេះជា​សំណល់ផ្សេងៗ ដូចជាកៅស៊ូ ក្រដាស កំណាត់ឈើជា​ដើម៕

អត្ថបទដែលជាប់ទាក់ទង