ក្រសួងព័ត៌មាន ទទូចអ្នកកាសែត និងអ្នកលេងបណ្ដាញសង្គម កុំឱ្យផ្សាយព័ត៌មានសម្ងាត់របស់កងទ័ព

ភ្នំពេញ៖ បន្ទាប់ពីមានបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ កាលពីថ្ងៃទី២៩ ខែកក្កដាមក ក្រសួងព័ត៌មាន បានសង្កេតឃើញថា មានអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយរូបភាពពីសមរភូមិមុខ ដោយបានបង្ហាញទីតាំងលេណដ្ឋានកងទ័ព សព្វាវុធ យោធោប្បករណ៍ ការសម្ងាត់របស់កងទ័ព និងយុទ្ធសាស្ត្រប្រយុទ្ធ។

ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ ក្រសួងហាមប្រាមអ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក៏ដូជា អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ កុំផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យោធោប្បករណ៍ និងការសម្ងាត់របស់កងទ័ព តទៀត។ ក្រសួង ចាត់ទុកការចែករំលែកព័ត៌មានទាំងនេះថា អាចធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ និងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មក្នុងបុព្វហេតុការពារជាតិ។

រាល់ការធ្វើដំណើរ និងការចុះយកព័ត៌មាននៅសមរភូមិជួរមុខ ត្រូវជូនដំណឹង និងស្នើសុំការអនុញ្ញាតពីក្រសួងព័ត៌មាន និងសមត្ថកិច្ចនៅសមរភូមិមុខ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងសន្តិសុខជាតិ។ រាល់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មាន ត្រូវធានាថាមិនធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ ការបែងបាក់សាមគ្គីភាពជាតិ ការបំបាក់ទឹកចិត្តកងទ័ព ទំនាក់ទំនងជាមួយប្រទេសដទៃ ការបង្កអរិភាពជាតិ សាសន៍ សិទ្ធិបុគ្គល សាធារណមតិជាតិ និងអន្តរជាតិ ដោយចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយប្រភពព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំជាតិ រដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ នេះជាការជូនដំណឹងរបស់ក្រសួងព័ត៌មាន។

ជាថ្មីម្ដងទៀត ក្រសួងព័ត៌មាន បានណែនាំឱ្យអ្នកសារព័ត៌មាន គោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបប សារព័ត៌មាន និងលិខិតបទដ្ឋគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ការប្រព្រឹត្តផ្ទុយនឹងសេចក្ដីណែនាំនេះ ក្រសួងព័ត៌មាននឹងមានវិធានការតាមផ្លូវច្បាប់។

ក្រសួងព័ត៌មាន សង្ឃឹមថា អ្នកសារព័ត៌មានអាជីព និងអ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងទាំងអស់ នឹងអនុវត្តតាមសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ក្រសួងក៏បា​នអំពាវនាវដល់ពលរដ្ឋទាំងអស់ កុំឱ្យចែករំលែកព័ត៌មានមិនពិត និងរួមចំណែកក្នុងការពារសេចក្តីពិត សន្តិភាព និងសាមគ្គីភាពជាតិ។ ការចូលរួម របស់អ្នកសារព័ត៌មាន និងសាធារណជន នឹងជួយទប់ស្កាត់និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មាន ក្លែងបន្លំ ព័ត៌មានបំភ្លៃ និងបំភ័ន្តសភាពការណ៍ពិតជាក់ស្តែងពីកម្ពុជា ដែលភាគីម្ខាងទៀតបានខិតខំព្យាយាម ប្រឌិតឡើងដើម្បីបង្កើតលេសឈ្លានពានបូរណភាពទឹកដីកម្ពុជា។

នៅក្នុងសន្និសីទសារព៧ត៌មានលើកទី២ នៅថ្ងៃទី១ ខែសីហានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានទទូចដូចគ្នានេះដែរ ទៅកាន់អ្នកសារព័ត៌មានជាតិ និងអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា។ លើសពីនេះ បើតាមអ្នកស្រី ម៉ាលី សុជាតា កម្ពុជា ក៏ស្នើឱ្យស្ថាប័នសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសថៃ បញ្ឈប់ជាបន្ទាន់ រាល់យុទ្ធនាការផ្សព្វផ្សាយមិនព័ត៌មានមិនពិត ដែលធ្វើឱ្យស្ថានការណ៍មានភាពតានតឹង ល្អក់កករ។

អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ដូច្នេះ៖ «កម្ពុជា ក៏សូមទាមទារឱ្យសារព័ត៌មាន និងបណ្តាញសង្គមថៃ បញ្ឈប់ជាបន្ទាន់ រាល់យុទ្ធនាការផ្សព្វផ្សាយមិនព័ត៌មានមិនពិត ដែលធ្វើឱ្យស្ថានការណ៍មានភាពតានតឹង ល្អក់កករ ដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រទេសទាំងពីរ ដែលកំពុងបន្តការដោះស្រាយដោយសន្តិវិធី ដើម្បីនាំមកវិញ សុខ សន្តិភាពដល់ប្រជាជនទាំងសងខាង។»៕

អត្ថបទដែលជាប់ទាក់ទង