ឯកឧត្តម ប៉ែន បូណា ៖ កម្ពុជា គឺជាប្រទេសដោះមីន បំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនដាក់មីនថ្មីនោះទេ
(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ប្រទេសកម្ពុជាពិតជាមាន មោទនភាព ក្នុង សកម្មភាពដោះមីន និងបំផ្លាញគ្រាប់មីន ដែលប្រឆាំងមនុស្ស គ្រាប់មិនទាន់ផ្ទុះ កាកសំណាល់សង្រ្គាមចេញពីទឹកដីរបស់ខ្លួន និងបានចែករំលែកបទពិសោធន៍នេះទៅដល់បណ្តាប្រទេសដទៃជាច្រើនទៀត។ដូច្នេះកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅពេលនេះ គឺការដោះមីន និងការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីនោះទេ ។
គួរបញ្ជាក់ថា ការថ្លែងពីសំណាក់ អ្នកនាំពាក្យរាជរដ្ឋាភិបាល បែបនេះធ្វើឡើងក្រោយពីភាគីថៃបានចោទប្រកាន់ថា កម្ពុជាបានធ្វើការលួចដាក់មីនថ្មីក្បែរតំបន់ប្រាសាទតាមាន់ធំក្រោយទាហានរបស់ពួកគេម្នាក់បានរងរបួសដាច់ជើងដោយសារការផ្ទុះគ្រាប់មីនរួចមក។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងថា ចាប់តាំងតែកម្ពុជាបានក្លាយជារដ្ឋភាគីស្តីពីអនុសញ្ញាអូតាវ៉ា ស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ កម្ពុជាបានអនុវត្តអនុសញ្ញានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនបានប្រើប្រាស់គ្រាប់មីន ថ្មីណាមួយឡើយ ផ្ទុយទៅវិញកម្ពជាបានដោះមីនរាប់លានគ្រាប់ចេញពីទឹកដីរបស់ខ្លួន។
ឯកឧត្តមមានប្រសាសន៍ថា ”កម្ពុជា ជាប្រទេសបានដោះមិន និងបំផ្លាញមីនដែលប្រឆាំងនឹងមនុស្ស ព្រមទាំងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀតដែលជាកាកសំណល់ពីសង្រ្គាមជាច្រើនលានគ្រាប់ចេញពីទឹកដីរបស់ខ្លួន។ លើសពីនេះកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងបេកសកម្មថែរក្សាសន្តិភាពនៅក្នុងពិភពលោក និងចូលរួមចំណែកដោះមីននៅតាមបណ្តាប្រទេសជាច្រើនទៀតក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ”។
ដោយឡែក លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដោយ ប្រកាសច្រានចោលទាំងស្រុង ពីការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។កម្ពុជាចាត់ទុកថាវាជាការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។
លោកជំទាវ ឧត្តមសេនីយ៍ឯក បន្ដថាកម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត ។ កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ ។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងថាភាគីទាំងពីរ(កម្ពុជា-ថៃ)បានព្រមព្រៀង ក្នុងការមិនផ្សព្វផ្សាយ និង ចែករំលែកព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយណាមួយឡើយ ដើម្បីបន្ធូរបន្ថយការប៉ះពាល់ផលអវិជ្ជមានលើសតិអារម្មណ៍សាធារណជន និងបង្កើតបរិយាកាស អំណោយផលដល់កិច្ចសន្ទនាប្រកបដោយសុខសន្តិភាព ៕