រដ្ឋមន្រ្តីការងារ ៖ ជាមធ្យមក្នុង ១ថ្ងៃក្រសួងបានផ្គូរផ្គងអ្នករកការងារធ្វើបានប្រមាណ ៥ពាន់នាក់តាមរយៈលេខ ១២៩៧

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានលើកឡើងថា តាមរយៈការខលសម្ភាសន៍តាមទូរសព្ទ័លេខ១២៩៧ ដែលក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យប្រើប្រាស់ដើម្បី ឱ្យប្រជាពលរដ្ឋជាពលករមកពីថៃស្វែងរកកាងារធ្វើ មានភាពងាយស្រួលកាត់បន្ថយការចំណាយ និងចំណេញពេលវេលា ក្រុមការងារតាមរយៈមន្រ្តី និងយុវជនស្ម័គ្រចិត្ត ដើម្បីជួយផ្គូផ្គងគ្នា រវាងអ្នកស្វែងរកការងារ និងអ្នកផ្តល់ការងារ ។

ឯកឧត្តម បន្ថែមថា ជាមធ្យមក្នុងមួយថ្ងៃមន្រ្តី និងយុវជនស្ម័គ្រចិត្តបានទទួលទូរសព្ទ័ពីអ្នកខលមក និងបានធ្វើការផ្គូរផ្គងរវាងអ្នកស្វែងរកការងារ និងអ្នកផ្តល់ការងារបានប្រមាណជា ៥០០០ពាន់នាក់ នៅក្នុង ១ថ្ងៃ ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្នុងឱកាសអញ្ជើញចុះពិនិត្យសកម្មភាពការងារ នៃក្រុមមន្រ្តីនិងយុវជនអ្នកស្ម័គ្រចិត្តទទួលទូរព្ទ័ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅអគារទីស្តីការក្រសួងការងារ ។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ករណីបងប្អូនពលករដែលបានចុះឈ្មោះហើយក្រសួងមានជំរើសច្រើននៅក្នុងការផ្គូរផ្គងទៅឱ្យរោងចក្រច្រើនកន្លែង ដើម្បីផ្តល់ឱកាស និងជំរើសច្រើដល់គាត់ ហើយខណៈដែលបងប្អូនពលករមួយចំនួនចុះឈ្មោះរួចទទួលបានការងារធ្វើភ្លាមៗ និងមួយចំនួនទៀតអាចត្រូវការពេលវេលា១០ថ្ងៃទើបទទួលបានការងារ ជាមួយនិងឱកាសកាងារនៅក្នុងប្រមាណជាង ២០ម៉ឺន ។

ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់បន្ថែមថា តាមរយៈការផ្គូរផ្គងការងាររវាងអ្នកស្វែងរកការងារជាមួយនិងអ្នកផ្តល់ការងារ ដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនពលករមកពីប្រទេសថៃដែលស្វែងរកការងារធ្វើ និងកាន់តែចំណេញពេលវេលាប្រកបដោយទំនុកចិត្តជាមួយនិងរោងចក្រអ្នកផ្តល់ការងារ ដោយសារឯកសារមានគ្រប់គ្រាន់ បន្ទាប់ពីក្រសួងបញ្ជូន និងទទួលបានឱកាសជាប់មានការងារធ្វើខ្ពស់ ជាងបងប្អូនដែលទៅរោងចក្រផ្ទាល់មិនបានត្រៀមព័ត៌មានជាមុន ។

គួរបញ្ជាក់ថា យុវជនអ្នកស្ម័គ្រចិត្ត និងមន្រ្តី សរុបចំនួន ៣០នាក់ និងរងចាំទទួលការខលចូលពីបងប្អូនពលករដែលមានបំណងស្វែងរកការងារធ្វើតាមរយៈលេខទូរសព្ទ Hotline 1297 ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង ៨យប់ ធ្វើការ ៧ថ្ងៃក្នុង ១សប្តាហ៍ ៕

អត្ថបទដែលជាប់ទាក់ទង