ក្រសួងអប់រំ ៖ បេក្ខជនប្រឡងបាក់ឌុបត្រូវទៅពិនិត្យបញ្ជីឈ្មោះប្រឡងដោយខ្លួនឯង និងមិនត្រូវលួចលាក់ឯកសារលួចចំលងចូលបន្ទប់ប្រឡងជាដាច់ខាត
(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុបដែលនឹងត្រូវប្រឡងនៅថ្ងៃទី ២៨-២៩ ខែ សីហា សប្តាហ៍ក្រោយនេះទាំងអស់ ចាំបាច់ត្រូវទៅពិនិត្យ បញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែលត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង ២៥ រាជធានី-ខេត្ត ។
ជាមួយគ្នានេះដែរក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
គួរបញ្ជាក់ថា បេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបឆ្នាំ២០២៥នេះ មានចំនួនសរុប ១៤៦ ៧២០នាក់ ក្នុងនោះស្រីចំនួន ៨១ ៤៤២នាក់។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៤០ ៦៧៨នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១០៦ ០៤២នាក់ ៕