ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដឹកនាំកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប
(សៀមរាប)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប ដោយមានការចូលរួមពីលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលនិងមន្ទីរពាក់ព័ន្ធជាច្រើន ។
នេះជាជំហានដ៏សំខាន់មួយទៀតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរទន្លេសាប រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តទាំង៦នៅជុំវិញតំបន់បឹងទន្លេសាប ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ ស្វែងរកផែនទីឯកភាពការងារ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី តាមរយៈការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងតំបន់បឹងទន្លេសាប មុននឹងឈានទៅរៀបចំប្លង់គោលនៃការប្រើប្រាស់ដីទាំង ១៦៥២ឃុំ នៅទូទាំងប្រទេស ។
ផែនទីឯកភាពការងារនេះ ជាឧបករណ៍តម្រង់ទិសដើម្បីឈានទៅដាក់ចេញនូវផែនការប្រើប្រាស់ដី ដែលមានការឯកភាពគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ លើកស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកស្រុកនៅតំបន់ជុំវិញបឹងទន្លេសាប និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ ផ្អែកលើការប្រើប្រាស់ធនធានដី ដើម្បីកម្ពុជារស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ ៕