ចិន ឡាវ វៀតណាម និងថៃ ត្រៀមទប់ទល់ព្យុះទីហ្វុងដ៏ខ្លាំងក្លា

ហាណូយ ៖ ព្យុះទីហ្វុង Kajiki ដ៏កំណាច ត្រូវបានរំពឹងថា នឹងបង្កការរំខានយ៉ាងទូលំទូលាយទូទាំងប្រទេសវៀតណាម ចិន ឡាវ និងថៃ ខណៈដែលវារំកិលខ្លួនជិតដល់ឆ្នេរភាគកណ្ដាលប្រទេសវៀតណាម តាមសមុទ្រចិនខាងត្បូង នៅថ្ងៃទី២៥ ខែសីហានេះ។

យោងតាមប្រភពពីគេហទំព័រ Travel land tour world បានឱ្យដឹងថា នៅពេលខ្យល់ព្យុះកាន់តែកើនឡើងកម្លាំង វៀតណាមបានចាប់ផ្តើមជម្លៀសមនុស្សទ្រង់ទ្រាយធំរហូតដល់ជាង ៥០០.០០០នាក់ នៅតាមបណ្តាខេត្តមួយចំនួន មានដូចជា Thanh Hoa, Quang Tri, Hue និង Danang ព្រមទាំងលុបចោលជើងហោះហើរ បិទសាលារៀន និងការរឹតបន្តឹងលើសកម្មភាពតាមសមុទ្រ។

ទីភ្នាក់ងារឧតុនិយមវៀតណាមនិយាយថា ព្យុះទីហ្វុង Kajiki នឹងពាំនាំខ្យល់បោកបក់ក្នុងល្បឿន ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈពេលវាខិតជិតឆ្នេរភាគកណ្តាលរបស់ប្រទេសវៀតណាម។ ព្យុះនេះត្រូវបានព្យាករណ៍ថា នឹងកើនកម្លាំងកាន់តែខ្លាំងក្លាថែមទៀត មុនពេលបោកបក់ដល់ដីនៅតំបន់មួយរវាងខេត្ត Thanh Hoa និង Nghe An នារសៀលថ្ងៃចន្ទនេះ។
រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីយប់ថ្ងៃអាទិត្យថា នេះជាព្យុះគ្រោះថ្នាក់បំផុត ដោយព្រមានថា ព្យុះទីហ្វុង Kajiki នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដី។

នៅប្រទេសចិន ក្នុងតំបន់កោះហៃណាន ជាពិសេសទីក្រុង Sanya មានខ្យល់បក់ក្នុងល្បឿនជាង ១៥២គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនាំឱ្យមានការជម្លៀសអ្នកស្រុក ២០.០០០នាក់ និងការបិទកន្លែងទេសចរណ៍ និងការដឹកជញ្ជូនសាធារណៈ។

ទន្ទឹមគ្នា ឡាវក៏កំពុងទប់ទល់ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ផងដែរ ស្របពេលខ្យល់ព្យុះចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាប ជាមួយនឹងផលប៉ះពាល់ដែលរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែសីហា។

ដោយឡែកនៅប្រទេសថៃ ខេត្តមួយចំនួនមានដូចជា Nan និង Chiang Mai ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់យ៉ាងគំហុក និងភ្លៀងធ្លាក់ខ្លាំង ខណៈដែលខ្យល់ព្យុះកំពុងបោកបក់ឆ្លងកាត់តំបន់នេះ ធ្វើឱ្យរំខានដល់ការធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។

សូមបញ្ជាក់ថា ព្យុះទីហ្វុង Kajiki ត្រូវចាត់ទុកជាព្យុះខ្លាំងក្លាបំផុតមួយ ដែលជះឥទ្ធិពលដល់តំបន់អាស៊ីអាគ្នេយ៍នាពេលថ្មីៗនេះ ជាមួយនឹងឥទ្ធិពលបំផ្លិចបំផ្លាញបំផុតនៅបណ្តាប្រទេសមួយចំនួន រួមមានវៀតណាម ថៃ ឡាវ និងចិន។

វៀតណាមព្រមានថា ព្យុះ Kajiki កំណាចបំផុតនៅឆ្នាំនេះ ហើយរំពឹងថា នឹងមានកម្លាំងខ្លាំងមហិមាដូចព្យុះទីហ្វុង Yagi ដែលសម្លាប់មនុស្សប្រហែល ៣០០នាក់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ៣.៣ពាន់លានដុល្លារ៕

ប្រភព ៖ Travel land tour world

អត្ថបទដែលជាប់ទាក់ទង