មនុស្សជំនិតលោក ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់ ពេលកំពុងថ្លែងសំណេះសំណាលជាមួយនិស្សិតនៅរដ្ឋយូថា

(វ៉ាស៊ីនតោន)៖ លោក ឆាលី ឃើក វ័យ៣១ឆ្នាំ មនុស្សជំនិតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់ ពេលកំពុងថ្លែងសំណេះសំណាលជាមួយនិស្សិតនៅរដ្ឋយូថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

សកម្មជនស្ដាំនិយមអាមេរិក និងជាអ្នកអត្ថាធិប្បាយដ៏មានប្រជាប្រិយភាពម្នាក់ លោក Charlie Kirk ដែលជាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងពិធីសំណេះសំណាលនៅឯសាកលវិទ្យាល័យមួយក្នុងរដ្ឋ Utah កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា ខណៈអភិបាលរដ្ឋ Utah បានចាត់ទុកថានេះជាការធ្វើឃាត មានបង្កប់ចេតនានយោបាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរអាមេរិកមិនទាន់អាចកំណត់អត្តសញ្ញាណជនសង្ស័យនៅឡើយទេ បន្ទាប់ពីការធ្វើឃាតកើតឡើង។ នាយក FBI លោក Kash Patel បានឱ្យដឹងថាជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនដើម្បី សួរចម្លើយ និងក្រោយមកត្រូវបានដោះលែងវិញ។ តាមលោក Kash Patel ការស៊ើបអង្កេតកំពុងបន្តធ្វើឡើង ហើយអាជ្ញាធរនឹងបន្តបញ្ចេញព័ត៌មានឱ្យមានតម្លារភាព។

ជុំវិញករណីធ្វើឃាតលោក Charlie Kirk ផងដែរ អភិបាលរដ្ឋ Utah លោក Spencer Cox បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថាប៉ូលិសកំពុងសួរចម្លើយជនសង្ស័យម្នាក់ ដោយមិនបាន បញ្ជាក់អ្វីលម្អិតនោះទេ។ ប៉ុន្តែ ក្នុងសន្និសីទសារព័ត៌មាននោះដែរ លោក Beau Mason ជាស្នងការនៃនាយកដ្ឋានសុវត្ថិភាពសាធារណៈនៃរដ្ឋ Utah បានអះអាងថាខ្មាន់កាំភ្លើងកំពុងរត់គេចខ្លួន នៅឡើយ។ ក្នុងវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម គេឃើញលោក Charlie Kirk មានអាយុ៣១ឆ្នាំ កំពុងអង្គុយសំណេះសំណាលជាមួយក្រុមនិស្សិតនៅខាងក្រៅសាកលវិទ្យាល័យ Utah Valley University ក្នុងទីក្រុង Orem រដ្ឋ Utah នៅម៉ោងប្រហែល ១២៖២០នាទីថ្ងៃត្រង់ កាលពីថ្ងៃពុធ។ អង្គុយបានមួយសន្ទុះស្រាប់តែឮស្នួរគ្រាប់កាំភ្លើង ហើយលោក Kirk បានយកដៃស្ទាបក ហើយក៏ដួលពីលើកៅអីអង្គុយ ធ្វើឱ្យភាពចលាចលកើតឡើង។

វីដេអូមួយផ្សេងទៀតបានបង្ហាញពីឈាមហូរចេញពីករបស់លោក Kirk ភ្លាមៗក្រោយលោកត្រូវបានគេបាញ់ប្រហារ។ អាជ្ញាធរអាមេរិកបានឱ្យដឹងថាខ្មាន់កាំភ្លើងទំនងជាបើកការបាញ់ប្រហារចេញពីលើ ដំបូល ហើយមានមនុស្សជាង ៣០០០នាក់បានចួលរួមក្នុងពិធីសំណេះសំណាលនោះ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យរដ្ឋាភិបាលអាមេរិកបង្ហូតទង់ជាតិពាក់កណ្ដាលរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍ជាការគោរពដល់លោក Charlie Kirk។ លោក Charlie Kirk គឺជា មនុស្សម្នាក់ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២៤ ដោយបានរួមចំណែកជួយឱ្យលោក ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២។ ការសម្លាប់មនុស្សជំនិតរបស់លោក ត្រាំ កើតមានឡើងចំពេលចរន្តវាយប្រហារ ឬប៉ុនប៉ងធ្វើឃាតអ្នកនយោបាយអាមេរិកកើតឡើងជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងការប៉ុនប៉ងធ្វើឃាតលោក ត្រាំ មិនបានសម្រេចដល់ទៅ២លើក ហើយនេះក៏ជាការបង្ហាញពីអំពើហិង្សានយោបាយដ៏ស្រួចស្រាល់ក្នុងសង្គមអាមេរិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង