រដ្ឋបាលខេត្តកំពង់ចាម នឹងដាំដើមផ្កាជើងគោ ១ម៉ឺន៥ពាន់ដើម ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា
ភ្នំពេញ៖ នាពេលខាងមុខ អ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងបានឃើញដើមផ្កាជើងគោ ដែលដាក់ដាំលម្អលើទ្រូងផ្លូវ និងសងខាងចិញ្ចើមផ្លូវ។ បើតាមរដ្ឋបាលខេត្តកំពង់ចាម ដាំដើមផ្កាជើងគោចំនួន ១ម៉ឺន៥ពាន់ដើម នឹងត្រូវបានដាក់ដាំដើម្បីលើកកម្ពស់សោភ័ណភាព។
ក្នុងពេលដ៏ខ្លីខាងមុខ គម្រោងស្ថាបនាលើកកម្រិតផ្លូវជាតិលេខ៧ ជា ៤គន្លង និងគម្រោងដាំដើមឈើលម្អ អមសងខាងផ្លូវជាតិលេខ ៧ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវបានបញ្ចប់។ ជាមួយគ្នានេះ ដើម្បីលើកកម្ពស់សោភ័ណភាព តាមបណ្តោយទ្រូងផ្លូវជាតិលេខ៧ រដ្ឋបាលខេត្តកំពង់ចាម នឹងដាំដើមផ្កាជើងគោចំនួន ១៥ ០០០ដើម។
ដើម្បីឱ្យដំណើរការនៃការដាំ និងការថែទាំដើមផ្កាជើងគោទទួលបានលទ្ធផលវិជ្ជមាន រដ្ឋបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋចូលរួមដាំ និងថែទាំតាមមុខលំនៅឋាន សាលារៀន វត្តអារាម រោងចក្រ សហគ្រាសរៀងៗខ្លួន។ ដោយឡែក ការដាំ នឹងដាក់ដាំចម្ងាយពីចិញ្ចើមផ្លូវពី ១,៥ម៉ែត្រ ទៅ៣ម៉ែត្រ និងគម្លាតពី ៧ ទៅ១០ម៉ែត្រក្នុង១ដើម។
សូមបញ្ជាក់ថា ដើមផ្កាជើងគោចំនួន ១៥ ០០០ដើមនេះ ផ្ដល់ដោយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នាពេលកន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែងគិតគូរពីការលើកកម្ពស់សោភ័ណភាពនៃការរស់នៅ និងសោភ័ណភាពនៅទីសាធារណៈ៕