លោក ត្រាំ ជំរុញអ្នកវិទ្យាសាស្រ្តប្រើ AI ស្រាវជ្រាវវិធីទប់ស្កាត់ជំងឺមហារីកកុមារ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាដោយផ្ទាល់ទៅកាន់រដ្ឋាភិបាលសហព័ន្ធ ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជំរុញការស្រាវជ្រាវទប់ស្កាត់ជំងឺមហារីកកើតលើកុមារ និង ផ្តល់ជំនួយចំនួន ៥០លានដុល្លារដល់វិទ្យាស្ថានសុខភាពជាតិ ហៅកាត់ (NIH) សម្រាប់គំនិតផ្តួចផ្តើមដ៏សំខាន់នេះ។
លោកប្រធានាធិបតី ត្រាំ បាននិយាយអំឡុងពេលស៊ីញ៉េលើបទបញ្ជានេះនៅការិយាល័យ Oval កាលពីថ្ងៃអង្គារថា ជាច្រើនឆ្នាំហើយ ដែលយើងបានប្រមូលទិន្នន័យអំពីជំងឺមហារីកកុមារ ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនអាចផលិតវ៉ាក់សាំងបង្ការ និងព្យាបាលជំងឺដ៏កាចសាហាវមួយនេះនៅឡើយទេ។
មេដឹកនាំអាមេរិកវ័យ ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ដោយប្រើបច្ចេកវិទ្យា AI ដ៏ទំនើប យើងនឹងផ្តល់សិទ្ធិអំណាចដល់អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវដើម្បីស្វែងរកវិធីព្យាបាល ទប់ស្កាត់ និងការការពារថ្មីៗពីជំងឺមហារីក។
លោកថា AI ក៏ជាមធ្យោបាយដ៏សំខាន់ជួយជ្រោមជ្រែងដល់ដំណើរការសាកល្បង និងការព្យាបាលដ៏ទំនើប ហើយមនុស្សគ្រប់គ្នាក៏នឹងអាចទទួលបានវាបានផងដែរ។
បទបញ្ជាដោយផ្ទាល់របស់លោកប្រធានាធិបតី ត្រាំ នេះ នឹងដឹកនាំដោយគណៈកម្មការធ្វើឱ្យអាមេរិកមានសុខភាពល្អម្តងទៀត ហៅកាត់ (Maha) ធ្វើការជាមួយការិយាល័យគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហៅកាត់ (OSTP) ដើម្បីជំរុញប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ការស្រាវជ្រាវទប់ស្កាត់ជំងឺមហារីកកុមារ។
ចំនួនអ្នកស្លាប់ដោយសារជំងឺមហារីកទូទាំងពិភពលោកប្រចាំឆ្នាំ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ១៨.៦លាននាក់ កើនជិត ៧៥% នៅឆ្នាំ ២០៥០ ភាគច្រើនត្រូវបានជំរុញដោយកំណើនប្រជាជន និងភាពចាស់ជរា នេះបើយោងតាមការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី The Lancet។
ការប្រើប្រាស់ថ្នាំជក់ ជាពិសេសក្នុងចំណោមបុរស នៅតែជាមូលហេតុចម្បងនាំមុខគេនៃការស្លាប់ដោយសារជំងឺមហារីក ជាមួយនឹងតួលេខប្រហែល ២១% ក្នុងចំណោមការស្លាប់ដោយសារជំងឺមហារីកទាំងអស់ក្នុងឆ្នាំ ២០២៣។
ក្រៅពីការប្រើប្រាស់ថ្នាំជក់ កត្តាហានិភ័យកើតជំងឺមហារីកផ្សេងទៀត រួមមានការរួមភេទមិនមានសុវត្ថិភាព ដែលបង្កឱ្យឆ្លងវីរុស papillomavirus ហៅកាត់ (HPV), ការទទួលទានគ្រឿងស្រវឹង, របបអាហារមិនល្អ, ផលប៉ះពាល់នឹងការងារ និង ការបំពុលបរិយាកាសជាដើម។ សម្រាប់ស្ត្រីវិញ កត្តាហានិភ័យមានដូចជាការធាត់ជ្រុល និង ជាតិស្ករក្នុងឈាមខ្ពស់ជាដើម៕
ប្រភព ៖ The Strait Times និង RT