នាវា ដឹកឧស្ម័នធម្មជាតិរាវ មួយគ្រឿង របស់ប្រទេសកាតា រងការវាយប្រហារនៅឈូងសមុទ្រ

នាវាដឹកប្រេងរបស់កាតាមួយគ្រឿង ត្រូវបានវាយប្រហារដោយ «អាវុធមិនស្គាល់អត្តសញ្ញាណ» ខណៈកំពុងធ្វើដំណើរនៅក្នុងឈូងសមុទ្រ។ នេះគឺជាការវាយប្រហារចុងក្រោយបំផុតលើនាវាពាណិជ្ជកម្ម ចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានចាប់ផ្តើមឡើងកាលពីខែកុម្ភៈ។

បើតាមក្រុមហ៊ុនដឹកជញ្ជូនឧស្ម័នរបស់ប្រទេសកាតា (Nakilat) កាលពីថ្ងៃទី១ ខែវិច្ឆិកា ការវាយប្រហារដែលបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ ទី៣០ ខែតុលា នោះ បានប៉ះចំលើនាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) ឈ្មោះ Al Mayeda ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Nakilat។

ចំពោះហេតុការណ៍នោះ គ្មានសមាជិកនាវិកណាម្នាក់រងរបួសនោះទេ ហើយក៏មិនមានសេចក្តីរាយការណ៍អំពីការខូចខាតដល់បរិស្ថានដែរ។ បច្ចុប្បន្ននាវានោះស្ថិតក្នុង «ស្ថានភាពសុវត្ថិភាព និងអាចដំណើរការបាន» ហើយផលប៉ះពាល់កំពុងស្ថិតក្រោមការវាយតម្លៃ។

យ៉ាងណាក៏ដោយហេតុការណ៍នេះ ក្រសួងការបរទេសកាតាបាន «ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារនេះ» ដោយ «ចាត់ទុកសកម្មភាពនេះថា ជាទង្វើដ៏គ្រោះថ្នាក់ ដែលគំរាមកំហែងដល់សុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងសន្តិសុខនៃការផ្គត់ផ្គង់ថាមពលសកល» ហើយក៏បានព្រមានអំពីផលវិបាកក្នុងតំបន់ដែលអាចកើតមានឡើងពី «សកម្មភាពដ៏ធ្វេសប្រហែស និងគ្មានការទទួលខុសត្រូវ» ផងដែរ។

ជុំវិញការវាយប្រហារនេះ មានប្រទេសជាច្រើនបានចេញមុខថ្កោលទោស មានដូចជាប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសបារ៉ែន ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ប្រទេសអារ៉ាប់រួម រដ្ឋាភិបាលយេម៉ែន និង អនុប្រធានប៉ាឡេស្ទីន លោក Hussein al-Sheikh ជាដើម ហើយបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់កុំឱ្យមានការវាយប្រហារកើតឡើងជាថ្មីទៀត និងនាំយកជនដៃដល់មកទទួលខុសត្រូវចំពោះមុខច្បាប់។

ចាប់តាំងពីសង្គ្រាម រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានចាប់ផ្តើមមក នាវាពាណិជ្ជកម្មជាង ១២០ គ្រឿងត្រូវបានវាយប្រហារនៅក្នុងតំបន់នេះ។ នេះបើតាមទិន្នន័យពីអង្គការដែនសមុទ្រអន្តរជាតិ (International Maritime Organization) និងអង្គការប្រតិបត្តិការជួញដូរតាមសមុទ្រនៃចក្រភពអង់គ្លេស (UK Maritime Trade Operations)។

គូសបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ ដែលបានបិទច្រកសមុទ្រហ័រមូស (Strait of Hormuz) ស្ទើរតែទាំងស្រុងតាំងពីដើមសង្គ្រាមមកនោះ ហើយបានព្រមានជាច្រើនលើកថា នាវាទាំងឡាយណាដែលព្យាយាមឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះដោយគ្មានការអនុញ្ញាតពីខ្លួន នឹងត្រូវប្រឈមមុខនឹង «ការបំផ្លិចបំផ្លាញ»។

យ៉ាងណាម៉ិញ ការវាយប្រហារទាំងនេះបានកើនឡើង ចាប់តាំងពីសហរដ្ឋអាមេរិកបានដាក់វិធានការបិទផ្លូវដឹកជញ្ជូន (blockade) ឡើងវិញទៅលើកំពង់ផែភាគខាងត្បូងរបស់អ៊ីរ៉ង់ កាលពីខែកក្កដា។ ក្រោយមក នៅខែតុលា គឺជាខែដ៏អាក្រក់បំផុតនៃសង្គ្រាមនេះសម្រាប់វិស័យដឹកជញ្ជូនតាមសមុទ្រ ដោយមាននាវាយ៉ាងហោចណាស់ ២៩ គ្រឿងត្រូវបានវាយប្រហារ បើធៀបនឹងការវាយប្រហារចំនួន ២០ លើកដែលបានកត់ត្រានៅក្នុងខែមីនា៕

អត្ថបទដែលជាប់ទាក់ទង