រដ្ឋបាលរាជធានីភ្នំពេញ កែលម្អ និងស្ថាបនាប្រព័ន្ធលូ ប្រឡាយ ដើម្បីរំដោះទឹកឲ្យកាន់តែប្រសើរថែមទៀត
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការកែលម្អ និងស្ថាបនាប្រព័ន្ធលូ ប្រឡាយ នៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះទឹកឲ្យកាន់តែប្រសើរថែមទៀត បើទោះបីការដោះស្រាយបញ្ហាលិចលង់នេះ មានភាពល្អប្រសើរមួយកម្រិតធំយ៉ាងណាក្តី។ បន្ថែមពីនេះ ដើម្បីដោះស្រាយនូវការកកស្ទះបរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាដោះស្រាយបញ្ហាចរាចរណ៍ ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ (អាកាសយានដ្ឋានថ្មី) មកភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានគម្រោងការសាងសង់ ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដីផងដែរ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា បញ្ហាប្រឡាយលូនៅរាជធានីភ្នំពេញ បាននិងកំពុងធ្វើការស្ដារ លូ ប្រឡាយ ក៏ដូចជាស្ថាបនាលូថ្មីមួយចំនួន ដើម្បីដោះស្រាយបញ្ហាលិចលង់ ដោយពេលនេះ ដោះស្រាយបានមួយកម្រិតធំហើយ បើទោះបីមានភ្លៀងធ្លាក់ធំក្នុងកម្រិតណាក៏ដោយ ពោលគឺអាចដោះស្រាយលិចលង់ក្នុងរយៈពេលខ្លី មិនច្រើនម៉ោងដូចកាលពីមុនទេ។
ការស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញ ជាមួយគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញ របស់រាជរដ្ឋាភិបាលក្រោមការណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឲ្យរាជធានីភ្នំពេញ ដោះស្រាយបាននូវការលិចលង់បានមួយកម្រិតធំថែមទៀត។ ជាក់ស្ដែងនៅផ្នែកខាងជើង ឆៀងខាងលិចរាជធានីភ្នំពេញ ដោះស្រាយនូវការលិចលង់បានយ៉ាងល្អប្រសើរ។ ចំណែកនៅភាគខាងត្បូង ឆៀងខាងកើតរាជធានីភ្នំពេញវិញ ក៏អាចដោះស្រាយបញ្ហាលិចលង់នេះ បានល្អដែរ នៅពេលយើងតភ្ជាប់ប្រព័ន្ធលូរួចរាល់។
ពាក់ព័ន្ធនឹងបញ្ហាបរាចរណ៍វិញ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងកសាងនូវផ្លូវអាកាស ដើម្បីរំដោះបរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ចូលមកភ្នំពេញ ក្នុងនោះដែរជាគម្រោង យើងអាចស្ថាបនាផ្លូវអាកាសចាប់ពីរង្វង់មូលគួរស្រូវ ហោះលើផ្លូវលេខ២១៧ មកចុះមុខមហោស្របចេនឡាផ្សារដើមគរ។ ចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញ យើងក៏មានគម្រោងសាងសង់ផងដែរ ដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ចូលមករាជធានីភ្នំពេញ និងផ្លូវចូលក្រុងផងដែរ។
លោក ឃួង ស្រេង បានបញ្ជាក់ថា បើការកកស្ទះចរាចរណ៍ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ កាន់តែខ្លាំង គម្រោងនៃស្ថាបនាផ្លូវអាកាស និងផ្លូវក្រោមដី អាចនឹងដំណើរការកាន់តែឆាប់។
ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង ក៏បានលើកឡើងបញ្ហាការប្រមូលសំរាម នៅរាជធានីភ្នំពេញ បានល្អហើយមិនកកស្ទះទៀតទេ។ លោកជំរុញឲ្យសហគ្រាសគ្រប់គ្រងសំរាមធ្វើការពិនិត្យ សិក្សា ឡើងវិញ ហើយរកមូលហេតុជុំវិញប្រជាពលរដ្ឋ ដែលមិនព្រមបង់ថ្លៃសំរាម។ ចំពោះអ្នកដែលបានបង់ថ្លៃសំរាមជាប្រចាំហើយ រដ្ឋបាលរាជធានីភ្នំពេញរក្សាតម្លៃសំរាមដដែល មិនមានគម្រោងនៃការតម្លើងថ្លៃនោះទេ។ កន្លងមក្រុមហ៊ុនស៊ិនទ្រី កំណត់តម្លៃសំរាមខុសឆ្គង ដូចជាផ្ទះល្វែងខ្លះ១៥ដុល្លារ ១ខែ។ ដូច្នេះសហគ្រាសគ្រប់គ្រងសំរាមត្រូវកាត់តម្រឹមការយកតម្លៃខុសបែបបទនេះ ចេញធ្វើម៉េចឲ្យសមរម្យ ដើម្បីជំរុញឲ្យពួកគាត់ចូលរួមក្នុងការបង់ថ្លៃសំរាមឲ្យបានទាំងអស់គ្នា។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរ ចំពោះគណៈអភិបាលរាជធានី និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងខែកញ្ញាកន្លងមកពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បានធ្វើការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរាបរយ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អ។ ក្នុងនោះរដ្ឋបាលរាជធានី ក៏បានរៀបចំជូនដំណើរប្រជាពលរដ្ឋទៅលេងស្រុកកំណើត តាមរយៈរថយន្តក្រុងសាធារណៈបានល្អ ហើយប្រជាពលរដ្ឋសប្បាយរីករាយ ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញទៅជូនដំណើរដោយផ្ទាល់ថែមទៀតផង៕