ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសង្រ្គាមនៅហ្កាហ្សាបានបិទបញ្ចប់ហើយ
(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសង្រ្គាមនៅហ្កាហ្សាបានបិទបញ្ចប់ហើយ ហើយតំបន់មជ្ឈិមបូព៌ាកំពុងត្រឡប់ទៅរកភាពប្រក្រតី ខណៈ រូបលោកចេញដំណើរឆ្ពោះទៅកាន់អ៉ីស្រាអែល ជាមួយការទន្ទឹងរង់ចាំក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល និងចូលរួមកិច្ចប្រជុំកំពូលនៅអេហ្ស៉ីបដើម្បីពិភាក្សាពីការបោះ ជំហានបន្ទាប់ទៅរកសនិ្តភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One អំឡុងត្រៀមចាកចេញពីទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅកាន់អ៉ីស្រាអែលកាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា លោក ត្រាំ បានប្រកាសថា «សង្រ្គាមបានបិទបញ្ចប់ហើយ»។ នៅពេលត្រូវបានសាកសួរពីអនាគតសម្រាប់តំបន់មជ្ឈិមបូព៌ា លោក ត្រាំ បានឆ្លើយថា «ខ្ញុំគិតថាវាកំពុងត្រឡប់ទៅ រកភាពប្រក្រតី»។
គួរបញ្ជាក់ថា បទឈប់បាញ់មួយរវាងអ៉ីស្រាអែល និងហាម៉ាស បានចូលជាធរមាន ហើយក្រុមហាម៉ាសត្រូវបានរំពឹងថានឹងដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលនៅមានជីវិតទាំង ២០នាក់ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលានេះ។ ប្រជាជនប៉ាឡេស្ទីនវិញបានធ្វើដំណើរត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ ទាំងនៅភាគខាងត្បូង និងភាគខាងជើងនៃតំបន់ហ្កាហ្សា រួមទាំងទីក្រុងហ្កាហ្សាផងដែរ៕