ជិតប្រកាសអាសន្ន ! កំពង់ឆ្នាំងនៅសល់តែប៉ុន្មានថ្នាំងដៃទៀតទេ ខណៈប្រជាពលរដ្ឋចាប់ផ្តើមជម្លៀសហើយ
ខេត្តកំពង់ឆ្នាំង ៖ យោងតាមស្ថានីយជលសាស្ត្រផ្សារក្រោម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅស្ថានីយជលសាស្ត្រផ្សារក្រោម ទឹកមានកម្ពស់១០,០ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ០,០១ ម៉ែត្រ ។ កម្ពស់ទឹកដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នមានកម្ពស់១០,៥០ម៉ែត្រ ដូច្នេះនៅសល់ត្រឹមតែ ០,៤៧ម៉ែត្រទៀតនឹងត្រូវប្រកាសអាសន្នហើយ ។
ក្នុងរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមដដែល បានបញ្ជាក់ថា កម្ពស់ទឹកទន្លេផ្សារក្រោមដែលឡើងខ្ពស់រហូតដល់១០,០៣ បើប្រៀបធៀបឆ្នាំឆ្នាំ២០២៤ ថ្ងៃទី១៣ខែតុលា ដូចគ្នាទឹកមានកម្ពស់៨,៨៨ ម៉ែត្រឃើញថា ខ្ពស់ជាងរហូតដល់១,៦២ ម៉ែត្រ ។ ប៉ុន្តែបើប្រៀបធៀបទៅឆ្នាំ២០២៣ ទឹកមានកម្ពស់៨,៨៧ម៉ែត្រ ដូច្នេះឆ្នាំ២០២៥ ទឹកខ្ពស់គួរព្រួយបារម្ភ ព្រោះស្ថានភាពទឹកកំពុងតែឡើងជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ អាចនឹងត្រូវប្រកាសអាសន្នក្នុងពេលឆាប់ៗនេះ ។
ដោយសារស្ថានភាពកម្ពស់ទឹកបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេ នៅតាមតំបន់វាលទំនាប គឺរងការប៉ះពាល់ដោយទឹកលិចផ្ទះសម្បែងដោយអន្លើដែរ ។ ដោយឡែកខ្លះទៀត ក៏ជម្លៀសទៅទីទួលសុវត្ថិភាពដែរ ។
ប្រសិនបើស្ថានភាពកម្ពស់ទឹកដល់ថ្ងៃប្រកាសអាសន្ន អាជ្ញាធរខេត្តស្រុក និងជម្លៀសប្រជាជនទៅរកទីទួលសុវត្ថិភាពដែលបានកំពុងតែត្រៀមរួចជាស្រេច ។
ក្នុងស្ថានភាពបែបនេះ នៅថ្ងៃទី១២ ខែតុលា ម្សិលមិញនេះ គេឃើញអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ អ្នកតំណាងរាស្ត្រ ក៏ដូចជា អភិបាលស្រុករលាប្អៀរ បានចុះពិនិត្យមើលស្ថានទឹក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះ នៅតាមតំបន់ទឹកលិច និងផ្ដល់អំណោយជាស្បៀងសម្ភារៈផងដែរ៕