អាវុធហត្ថខេត្តសៀមរាប អំពាវនាវមហាជនសូមកុំឆាប់ទុកចិត្តអ្នកមិនស្គាល់គ្នា រហូតលង់ខ្លួនបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ

(សៀមរាប)៖ នៅវេលាម៉ោង ៩៖៥៨នាទីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ អាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីរំលោភលើទំនុកចិត្ត (ករណីបាត់ម៉ូតូ) ដោយជនសង្ស័យម្នាក់ បានចូលទៅក្នុងហាងមួយកន្លែង ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ពេលចូលក្នុងហាងនោះ ជនសង្ស័យ ក៏បាននិយាយលេងជាមួយម្ចាស់ម៉ូតូមួយសន្ទុះ ជនសង្ស័យក៏បានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាក CBR ហុងដា ០១គ្រឿង ពណ៌ស ឆ្នាំ២០១៦ ផ្លាកលេខបន្ទាយមានជ័យ 1N-2700 ថាទៅទិញបាយហូប។

ជនរងគ្រោះជាម្ចាស់ម៉ូតូក៏បានឲ្យសោម៉ូតូទៅជនសង្ស័យ ក្រោយពីបានសោម៉ូតូ ជនសង្ស័យក៏ជិះទៅបាត់ដោយមិនបានយកម៉ូតូមកឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូវិញនោះទេ។

បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប និងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប បានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតនៅវេលាម៉ោង ១៥៖៤០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសៀមរាប បានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ូ ម៉េងរាជ អាយុ២០ឆ្នាំ និងម៉ូតូ ០១គ្រឿង របស់ជនរងគ្រោះ នៅចំណុចលើផ្លូវបេតុង ស្ថិតនៅភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់ជនរងគ្រោះ ពិតប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពាក់ព័ន្ធនឹងករណីលួច។

ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ណែនាំឱ្យម្ចាស់ម៉ូតូធ្វើការផ្លាស់ប្ដូរបំពង់ស៊ីម៉ាំងដែលបំពាក់ខុសលក្ខណៈបច្ចេកទេសជាមុនសិន ទើបប្រគល់ឲ្យត្រឡប់ទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង