ផ្ទុះគ្រាប់បែកនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ បណ្តាលរបួសមនុស្ស៩នាក់

(បាងកក)៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ហេតុការណ៍ផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យមនុស្ស៩នាក់រងរបួស ហើយឈានដល់ការរកឃើញគ្រឿងផ្ទុះទី២ថែមទៀត នៅក្បែរកន្លែងកើតហេតុ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។

ករណីខាងលើបានកើតឡើង នៅម៉ោងជិត៩ព្រឹក ក្បែរហាងលក់តែនិងកាហ្វេមួយកន្លែង ចម្ងាយប្រហែល២០០ម៉ែត្រ ពីស្ថានីយប៉ូលិសស្រុក Yi-ngo។ ការផ្ទុះគ្រាប់បែកនោះ បានបង្ករបួសដល់មន្រ្តីប៉ូលិស៣នាក់ និងជនស៉ីវិល៦នាក់ ដោយជនរងគ្រោះ៤នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នករបួសមានអាយុ​ចន្លោះចាប់ពី២៩ឆ្នាំ​ ដល់៧៩ឆ្នាំ។ ក្រោយការផ្ទុះគ្រាប់បែក ដែលត្រូវបានបំផ្ទុះពីចម្ងាយ១គ្រាប់នោះហើយ អាជ្ញាធរថៃ ក៏បានរកឃើញ​គ្រាប់បែកកែច្នៃ១គ្រាប់ទៀត លាក់នៅក្នុងធុងសម្រាម ក្បែរកន្លែងកើតហេតុផងដែរ។

គួរបញ្ជាក់ថា បើតាមការសន្និដ្ឋានជាបឋម ករណីនេះ គឺជាសកម្មភាពវាយប្រហាររបស់ក្រុមចលនាបះបោរ កំណត់គោលដៅប្រឆាំង​លើមន្រ្តីប៉ូលិសថៃ ដែលជាទូទៅតែងនាំគ្នាទៅហាងខាងលើជាប្រចាំ ប៉ុន្តែជនស៉ីវិល ក៏បានក្លាយជាជនរងគ្រោះដែលមិនបានគ្រោងទុក រួមជាមួយគ្នាដែរ៕

អត្ថបទដែលជាប់ទាក់ទង