លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមាន​ថា បើ​ហាម៉ាស​បំពាន​បទ​ឈប់បាញ់ អាមេរិក​គ្មាន​ជម្រើស​មាន​តែ​លូកដៃ​ចូល ហើយ​ប្រល័យ​ជីវិត​ពួកគេ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍​ទី​១៦​ខែ​តុលា​បានព្រមានថា សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន នឹងឆ្លើយតបដោយបង្ខំ ប្រសិនបើក្រុមហាម៉ាសនៅតែបន្តការសម្លាប់​នៅក្នុងតំបន់ហ្គាហ្សា ដោយនិយាយថា សកម្មភាពបែបនេះ នឹងបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលគាត់បានជួយ​សម្រប​សម្រួល​ជាមួយអ៊ីស្រាអែល។

 

លោក ត្រាំ​ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «​បើក្រុម​ហាម៉ាស​​បន្តសម្លាប់ប្រជាជននៅតំបន់​ហ្គាហ្សា ដែលមិនមែនជាកិច្ចព្រមព្រៀង យើងនឹងគ្មានជម្រើសអ្វីក្រៅពី​លូកដៃ​ចូលទៅសម្លាប់ពួកគេ»។ យ៉ាង​ណា​មិញ ក្រោយ​មក​លោក​បានប្រាប់អ្នកយកព័ត៌មានថា «មាន​គេ​​នឹងចូលទៅ។ វាមិនមែនជាពួកយើង(អាមេរិក)ទេ… ពួកគេនឹងចាត់​​ការ​វា​យ៉ាងងាយ ប៉ុន្តែក្រោមការគាំទ្រ​របស់យើង»។

សេតវិមាន និងមន្ត្រីអាមេរិកបានទទូចម្តងហើយម្តងទៀតថា ពួកគេមិនមានគម្រោងដាក់ពង្រាយទ័ពជើងគោកអាមេរិកទៅកាន់តំបន់ហ្គាហ្សាទេ។ អនុប្រធានាធិបតី JD Vance បានរំលឹកឡើងវិញកាលពីថ្ងៃអាទិត្យថា រដ្ឋបាល​លោក​ ត្រាំ មិនមានគម្រោង​ឈរ​ជើង​នៅ​ហ្គាហ្សា​ឡើយ ខណៈពេលដែលនិយាយថា បុគ្គលិកអាមេរិកប្រហែល ២០០​នាក់នឹងត្រូវដាក់​ពង្រាយ​ទៅ​កាន់​​ប្រទេសអ៊ីស្រាអែល ដើម្បីតាមដានលក្ខខណ្ឌបទឈប់បាញ់។

សុន្ទរកថារបស់លោកប្រធានាធិបតី ត្រាំ បានគូសបញ្ជាក់ពីភាពផុយស្រួយនៃបទឈប់បាញ់ ដែល​ទើប​ត្រូវបានប្រកាស​តែប៉ុន្មានថ្ងៃមុននេះ។ អំពើហិង្សាបានបន្តកើតមាននៅក្នុង​តំបន់ហ្គាហ្សា រួមទាំងការប៉ះទង្គិចគ្នារវាងក្រុមហាម៉ាស និងគូប្រជែងប៉ាឡេស្ទីន និងឧប្បត្តិហេតុដូចជា វីដេអូប្រហារជីវិត​ជា​សាធារណៈដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់បុរស​៦​នាក់ដែលត្រូវបានចោទប្រកាន់ថា​ជា​ក្រុមចារកម្ម និងបះបោរ។

ការព្រមានរបស់លោក ត្រាំ បានកើតឡើងនៅពេលដែលអ្នកចរចាបានបន្តការងារ ដើម្បីអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងស្តីពីចំណាប់ខ្មាំង និងការប្រគល់សាកសពមកវិញ។ ក្រុមហាម៉ាសបាននិយាយថា ខ្លួនមិនអាចស្វែង​រក​សាកសពបន្ថែម ដោយគ្មានឧបករណ៍ឯកទេសបានទេ ខណៈដែលមន្ត្រីអ៊ីស្រាអែលបានចោទប្រកាន់ថា ក្រុមនេះមិនបានផ្តល់សាកសពទាំងអស់ដូច​ដែលមានចែងក្នុងកិច្ចព្រមព្រៀង។

​អ្នក​នាំ​ពាក្យ​សេតវិមានលោកស្រី Karoline Leavitt បាន​លើក​ឡើង​ថា បេសកជនជាន់ខ្ពស់អាមេរិកលោក Jared Kushner និងលោក Steve Witkoff កំពុង«ធ្វើការយ៉ាងសកម្ម»ជាមួយភាគីទាំងពីរ ដើម្បីធានាការអនុវត្ត រួមទាំងការសង្គ្រោះ និងការបញ្ជូនចំណាប់ខ្មាំង ក៏​ដូចជា​សាកសព​អ្នក​ស្លាប់៕

 

អត្ថបទដែលជាប់ទាក់ទង