អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលល្បីឈ្មោះដោយសារការប្រកាសសុំទោសជាផ្លូវការ សម្រាប់សង្រ្គាមលោកលើកទី២ ទទួលមរណភាព ក្នុងវ័យ១០១ឆ្នាំ
(តូក្យូ)៖ នាថ្ងៃសុក្រ ទី១៧ ខែតុលា អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Tomiichi Murayama ដែលត្រូវគេស្គាល់យ៉ាងទូលំទូលាយ ដោយសារការចេញសេចក្តីថ្លែងការណ៍សុំទោសជាផ្លូវការ ជុំវិញសង្រ្គាមលោកលើកទី២ បានទទួលមរណភាព ក្នុងវ័យ១០១ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Murayama បានចេញសេចក្តីប្រកាសសុំទោសផ្លូវការ កាលពីឆ្នាំ១៩៩៥ នាឱកាសខួបទី៥០ នៃការចុះចាញ់សង្រ្គាមរបស់ជប៉ុន ដោយរូបលោកបានបង្ហាញ ការសោកស្តាយយ៉ាងជ្រាលជ្រៅបំផុត ចំពោះទង្វើឃោរឃៅរបស់ប្រទេសជប៉ុន នៅក្នុងតំបន់អាស៉ី។ សេចក្តីថ្លែងការណ៍សុំទោសរបស់លោក បានក្លាយជាគំរូសម្រាប់ការសុំទោសក្រោយៗមកទៀតរបស់ទីក្រុងតូក្យូ ជុំវិញសង្រ្គាមលោកលើកទី២។
ក្នុងសេចក្តីថ្លែងការណ៍ កាលពីខែសីហា ឆ្នាំ១៩៩៥ លោក Murayama បាននិយាយយ៉ាងដូច្នេះថា «ជប៉ុន តាមរយៈការដាក់អាណានិគមនិងការឈ្លានពាន បានបង្កការខូចខាត និងទុក្ខវេទនាធំធេងមហាសាល ចំពោះប្រជាជននៅប្រទេសជាច្រើន ជាពិសេសនៅបណ្តាប្រទេសអាស៉ី។ ក្នុងក្តីសង្ឃឹមថា កំហុសបែបនេះ នឹងមិនអាចកើតឡើងទៀត នាពេលអនាគត ខ្ញុំចាត់ទុករឿងនេះ គឺជាការពិតនៃប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបាន ហើយជាថ្មីម្តងទៀត ខ្ញុំសូមបង្ហាញនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ និងសុំអភ័យទោសដោយស្មោះអស់ពីចិត្ត»។
គួរបញ្ជាក់ថា លោក Murayama ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុន កាលពីចន្លោះឆ្នាំ១៩៩៤-១៩៩៦។ លោកត្រូវបានកែនឱ្យចូលបម្រើយោធាជប៉ុន កាលពីឆ្នាំ១៩៤៤ ពេលកំពុងសិក្សានៅសាកលវិទ្យាល័យ៕