ឧក្រិដ្ឋជនមួយក្រុម បើកបណ្តាញ Scam នៅបាងកក, ខែដំបូងបោកលុយបាន ជាង ៣០ម៉ឺនដុល្លារ
ជនជាតិចិនមួយក្រុមមានគ្នា៣នាក់ បានជួលផ្ទះក្នុងទីក្រុងបាងកក ដើម្បីបើកបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញ (Scam) បោកជនបរទេស ខណៈពួកគេចាប់ផ្តើមធ្វើប្រតិបត្តិការតាំងពីឆ្នាំ២០២៤មកម្ល៉េះ។
តាមការផ្សាយរបស់ Amarin កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែតុលាឆ្នាំ២០២៥, ជនជាតិចិនទាំង៣នាក់មានឈ្មោះ Zhang Hailong អាយុ៣៨ឆ្នាំ, Liu Shunyin អាយុ២៩ឆ្នាំ និង Wu Zhiqiang អាយុ៣២ឆ្នាំ។
ប៉ូលិសបានឲ្យដឹងថា ជនជាតិចិនទាំងនេះ ចូលមកប្រទេសថៃក្នុងនាមជាអ្នកទេសចរ ប៉ុន្តែក៏បើកប្រតិបត្តិការ Scam កំណត់គោលដៅលើជនជាតិចិនគ្នាឯង ព្រមទាំងជនបរទេសដូចជា អេស្ប៉ាញនិងអង់គ្លេស ដោយគ្រាន់តែមួយខែដំបូង ពួកគេបោកបានប្រាក់ជាង ៣០ម៉ឺនដុល្លារអាមេរិក។
ក្នុងប្រតិបត្តិការបង្ក្រាបនិងវាយឆ្មក់ផ្ទះក្នុងខ័ណ្ឌ Lat Phrao, ប៉ូលិសបានឃើញពួកគេកំពុងអង្គុយមុខកំព្យូទ័រ ធ្វើសកម្មភាពឆបោកផ្ទាល់ៗ។
ក្នុងនោះ ប៉ូលិសក៏រឹបអូសបានផងដែរនូវទូរស័ព្ទដៃចំនួន២៩គ្រឿង, ដុំ Router ៥គ្រឿង, ដុំ WiFi ចល័ត ១គ្រឿង និងឧបករណ៍ផ្សេងៗទៀតដូចជា Keyboard និងគ្រឿងអគ្គិសនី -ល-៕

