បាត់ដំបងយប់មិញ ឆេះផ្សារទំនើបហេងឆាយលីចំនួន ​២៣ ​ល្វែង ប្រើទឹក​បាញ់ពន្លត់អស់ ៦៨ ​ឡាន សមត្ថកិច្ចកំពុងស្រាវជ្រាវមូលហេតុ

នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជូនដំណឹងឱ្យបានដឹងថា នៅយប់ថ្ងៃទី ២៣​ ខែ តុលា ឆ្នាំ ២០២៥​ ម៉ោង ​២៣ និង ​៤៥ ​នាទី មានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅផ្សារហេងឆាយលី ស្ថិតក្នុងក្រុមទី ១២ ភូមិព្រែកមហាទេព សង្កាត់​ស្វាយ​ប៉ោ​ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង ដោយបានផ្ដើមឆេះរាលដាលទៅលំនៅដ្ឋានមួយចំនួននៅក្បែរនោះ។

ទាក់ទិនទៅនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង កងកម្លាំងនគរបាលជំនាញអគ្គិភ័យនៃស្នងការដ្ឋាន រួមទាំងរថយន្តអគ្គិភ័យ មកពីតាមបណ្តាស្រុក និង កម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋានសហ​ការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និង អា​ជ្ញា​ធរមូលដ្ឋាន​មន្ត្រីអគ្គិសនី​ រួមទាំងប្រជាពលរដ្ឋ បានប្រើ​ប្រាស់រថយ​ន្តអគ្គិភ័យ​ពីតាមបណ្តាស្រុកចំនួន ១៣ ​គ្រឿង និង ប្រើប្រាស់ទឹក​បាញ់ពន្លត់អស់ចំនួន ​៦៨​ ឡាន ទើប​ទប់ស្កាត់ការឆេះរាល​ដាលបន្ត​ទៀត។

តាមប្រភពបានឱ្យដឹងទៀតថា​ ក្នុងគ្រោះអគ្គិភ័យនេះ បានបង្កការ​ខូចខាតអា​គារផ្សារទំនើបហេងឆាយលី ចំនួន ​២៣ ​ល្វែង កម្ពស់ ​០៤ ជាន់ និង លំនៅដ្ឋានមួយចំនួននៅក្បែរនោះផងដែរ​ ហើយរហូតដល់ព្រឹកថ្ងៃទី​ ២៤ ខែ​តុ​លា​ ឆ្នាំ ២០២៥ ​នេះ សមត្ថកិច្ចនៅ​បន្តការងារ​នេះនៅទីតាំងនោះនៅឡើយ។ ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិ​ភ័យនេះ និង ទំហំនៃការខូចខាតទ្រព្យសម្ភារៈ​ពិតប្រាកដ ស្ថិតក្នុងការស្រាវជ្រាវនៅឡើយ៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

អត្ថបទដែលជាប់ទាក់ទង