ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាកចេញពីសេតវិមានឡើងយន្តហោះ ឆ្ពោះមកកាន់ម៉ាឡេស៊ីត្រៀមធ្វើសាក្សីការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាកចេញពីសេតវិមានឡើងយន្តហោះ ឆ្ពោះមកកាន់ម៉ាឡេស៊ីហើយ នៅយប់ថ្ងៃ២៤ តុលា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលនឹងប្រព្រឹត្តទៅក្នុងរាជធានីគូឡាឡាំពួ ពីថ្ងៃ២៦ ដល់ថ្ងៃ២៧ តុលា។ ជាពិសេស លោកនឹងធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និងថៃ នេះបើតាមសារព័ត៌មាន AP បានចុះផ្សាយ។
នៅក្នុងដំណើរនេះដែរ លោកអាចនឹងមកដល់ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃអាទិត្យទី២៥ តុលា ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម មុនគេបង្អស់ មុននឹងបន្តកិច្ចការដូចការគ្រោងទុកពីមុនមករបស់លោក។
លោកត្រាំ ត្រូវបានគេដឹងថាជាអ្នកជំរុញឲ្យបង្កើតកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ហើយបំណងធំបំផុតរបស់លោក ដែលមកកាន់ប្រទេសម៉ាឡេស៊ី ពោលដើម្បីចូលរួមចុះហត្ថលេខាក្នុងនាមជាសាក្សីលើកិច្ចព្រមព្រៀងសន្តិភាពនេះ។ នៅក្នុងកិច្ចប្រជុំកំពូលនេះ កម្ពុជា-ថៃ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ធំ ដើម្បីនាំមកនូវសន្តិភាព បញ្ចប់ជម្លោះព្រំដែន។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងលោកត្រាំ បានជួយសម្រុះសម្រួលបទឈប់បាញ់បឋម កាលពីថ្ងៃទី២៨ ខែកក្កដា។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថ្លែងថា លោកត្រាំ ក៏ទន្ទឹងរង់ចាំធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ាននេះដូចគ្នាដែរ។
យ៉ាងណាមិញ បន្ទាប់ពីបំពេញភារកិច្ចលើទឹកដីម៉ាឡេស៊ីចប់ភ្លាម ប្រធានាធិបតីអាមេរិករូបនេះនឹងបន្តហោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួបប្រធានាធិបតីចិន ស៊ី ជីនពីង នៅខាងក្រៅកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលគ្រោងធ្វើនៅទីក្រុង Busan នេះបើយោងតាមមន្ត្រីអាមេរិកបានបញ្ចាក់នាមុននេះបន្តិច៕

