សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់ ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធ​នៅម៉ាឡេស៊ី

(ភ្នំពេញ)៖ នៅរសៀលម៉ោងប្រមាណ៣៖២០នាទី ថ្ងៃសៅរ៍ ៤កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវ​នឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធ​នេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរសម្ដេចមហា​បវរ​ធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រម​ទាំង​តំណាងធុរកិច្ច មកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជាផងដែរ។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងដែរថា ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ីនាពេលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនា​គត​រួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យ​កាន់តែ​ស៊ី​ជម្រៅជាមួយបណ្ដាដៃគូខាងក្រៅ ការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និង​ពិភពលោក ឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់
និង​សកលលោក។

បើតាមក្រសួងការបរទេសកម្ពុជា អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្ដេចមហា​បវរធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោក​មួយចំនួន​ផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគី​លើ​បញ្ហានានា ដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្តីកង្វល់រួម។

ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធហើយ​នោះ ក្នុងឱកាសស្នាក់នៅប្រទេសម៉ាឡេស៊ីនេះ សម្តេចមហាបវរធិបតី ហ៊ុន សែន ក៏នឹងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយថ្នាក់ដឹកនាំប្រទេសថៃ ក្រោមអធិបតីភាព លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិកផងដែរ។ កិច្ចព្រម​ព្រៀងសន្តិភាពនេះ គឺឯកសារដ៏សំខាន់ក្នុងការធានាដល់បទឈប់បាញ់ និងការឈានឆ្ពោះទៅរកសន្តិភាពតាមព្រំដែនរវាងកម្ពុជា និងថៃ៕

អត្ថបទដែលជាប់ទាក់ទង