គណៈកម្មការធិការសភានៃប្រទេសថៃបានកោះហៅមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ឲ្យចូលខ្លួនមកបំភ្លឺ សង្ស័យមានទំនាក់ទំនងជាមួយមេក្រុមឧក្រិដ្ឋកម្មអនឡាញ (Scam)​

គណៈកម្មការធិការសភានៃប្រទេសថៃបានកោះហៅមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ឲ្យចូលខ្លួនមកបំភ្លឺនៅថ្ងៃព្រហស្បតិ៍ ករណីដែលពួកគេជាប់សង្ស័យមានទំនាក់ទំនងជាមួយមេក្រុមឧក្រិដ្ឋកម្មអនឡាញ (Scam)​។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធទី២៩ខែតុលាឆ្នាំ២០២៥ មន្ត្រីទាំងនោះរួមមានរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍លោក Thamanat Prompow, រដ្ឋមន្ត្រីអប់រំលោកស្រី Narumon Pinyosinwat, អតីតអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Vorapak Tanyawong និងអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Finansia X Public Co Ltd លោក Varah Sucharitakul។ ពួកគេទាំងអស់ ត្រូវបានដាក់ការសង្ស័យថា មានទំនាក់ទំនងជាមេក្រុម Scammer សញ្ជាតិអាហ្វ្រិកខាងត្បូងដ៏ល្បីមួយរូប។

ជុំវិញរឿងនេះដែរ តំណាងរាស្ត្រគណបក្សប្រជាជនថៃ លោក Rangsiman Rome ដែលជាប្រធានគណៈកម្មការសន្តិសុខជាតិ កិច្ចការព្រំដែន យុទ្ធសាស្ត្រជាតិ និងកំណែទម្រង់ជាតិនៃរដ្ឋសភា បានប្រាប់ទៅអ្នកកាសែតថា អ្នកទាំងនេះគិតថា ពួកគេអាចគេចវេសពីច្បាប់ថៃបាន ប៉ុន្តែពួកគេមិនអាចគេចពីយុត្តិធម៌ពិភពលោកបានឡើយ។

បើនិិយាយពីរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍វិញ, លោក Rangsiman ធ្លាប់បង្ហាញរូបថតប៉ុន្មានសន្លឹករួចហើយ ដែលបង្ហាញឲ្យឃើញលោក Thamanat នៅជាមួយបុរសសញ្ជាតិអាហ្វ្រិកខាងត្បូងក្នុងពិធីសាសនានា ដែលនេះធ្វើឲ្យគេកាន់តែសង្ស័យអំពីទំនាក់ទំនងរវាងអ្នកទាំងពីរ។

យ៉ាងណា លោក Thamanat បានបដិសេធយ៉ាងដាច់អហង្ការ ដោយអះអាងថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចោទសួរអំពីប្រភពនៃទ្រព្យសម្បត្តិរបស់លោករួចទៅហើយ។ ពិតណាស់ លោកបានចូលរួមនៅក្នុង អាជីវកម្មជាច្រើនប្រភេទ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ ហើយលោកក៏ប្រកាសទ្រព្យសម្បត្តិ ទៅកាន់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរួចហើយដែរ នៅពេលឡើងកាន់តំណែង។ លោកមិនពាក់ព័ន្ធអ្វីខុសច្បាប់ជាមួយជនបរទេសរូបនោះទេ៕

អត្ថបទដែលជាប់ទាក់ទង