មីយ៉ាន់ម៉ា បង្កើនការទម្លាក់គ្រាប់បែកលើជម្រក Scammer ជាប់ដីថៃ យ៉ាងចាស់ដៃ, មួយថ្ងៃពីរដង

មីយ៉ាន់ម៉ា មិនបន្ថយដៃឡើយក្នុងយុទ្ធនាការកម្ចាត់ក្រុមឧក្រិដ្ឋកម្មអនឡាញ ដោយកងទ័ពឆ្មាំការពារព្រំដែន (BGF) ជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា បានបង្កើនការទម្លាក់គ្រាប់បែករឹតខ្លាំង លើតំបន់សេដ្ឋកិច្ចពិសេស KK Park ជាប់ព្រំដែនថៃ ដែលគេ​ស្គាល់ថា ជាជម្រករបស់ក្រុម Scammer។

តាមការផ្សាយរបស់ Amarin កាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥, BGF បានបង្កើនការទម្លាក់គ្រាប់បែកដល់ មួយថ្ងៃពីរដង កម្ទេចអគារក្នុងតំបន់នេះ ដែលមានទីតាំងស្ថិតនៅស្រុក Myawaddy រដ្ឋ Karen នៃប្រទេសមីយ៉ាន់ម៉ា ជាប់ឃុំ Mae Ku, ស្រុក Mae Sot, ខេត្ត​ Tak នៃប្រទេសថៃ។

ដោយសារតែការភ័យខ្លាចនិងរត់គេចពីសេចក្តីស្លាប់, ជនបរទេសរាប់ពាន់នាក់ បានភៀសខ្លួនចូលដីថៃ ក្នុងនោះ ជនជាតិឥណ្ឌាមានច្រើនជាងគេពោលគឺ ៤៩២នាក់ បន្ទាប់មកហ្វីលីពីន ២២០នាក់ ចិន២០១នាក់ និងជនជាតិផ្សេងៗរាប់រយនាក់ទៀត។

សូមជម្រាបជាថ្មីថា តាមពិតទៅ យោធាមីយ៉ាន់ម៉ា ចាប់ផ្តើមការវាយឆ្មក់នៅ KK Park តាំងពីដើមខែតុលាមកម្ល៉េះ ដោយកាន់កាប់បានអគារជាង២០០អគារ និងឃាត់ខ្លួនមនុស្សជាង ២ ០០០នាក់ ប៉ុន្តែទើបមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ដែលយោធាបានបង្កើនការវាយប្រហារយ៉ាងចាស់ដៃបំផុត។

ក្នុងអំឡុងពេលនៃការឆ្មក់ចូលកាលពីសប្តាហ៍មុន ទាហានបានរឹបអូសឧបករណ៍ជាច្រើន រួមទាំងដុំផ្កាយរណប Starlink ចំនួន៣០គ្រឿងផងដែរ ដែលឧបករណ៍ទាំងនេះ ត្រូវបានក្រុមឆបោក ប្រើប្រាស់សម្រាប់ប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង