សមាគមកាហ្វេ-កាកាវវៀតណាម (Vicofa) បានបង្ហាញទំនុកចិត្តថា ប្រាក់ចំណូលពីការនាំចេញកាហ្វេរបស់់ប្រទេស អាចកើនលើសពី ៨ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ ២០២៥ ដែលលឿនជាងគោលដៅដើមឆ្នាំ ២០៣០
សមាគមកាហ្វេ-កាកាវវៀតណាម (Vicofa) បានបង្ហាញទំនុកចិត្តថា ប្រាក់ចំណូលពីការនាំចេញកាហ្វេរបស់់ប្រទេស អាចកើនលើសពី ៨ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ ២០២៥ ដែលលឿនជាងគោលដៅដើមឆ្នាំ ២០៣០។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។
ការព្យាករណ៍នេះគឺផ្អែកលើកត្តាសំខាន់ៗចំនួន៣៖ ការកែលម្អគុណភាពផលិតផល កំណើននៃសមាមាត្រនៃផលិតផលកែច្នៃយ៉ាងស៊ីជម្រៅ និងការពង្រីកទីផ្សារដោយផ្អែកលើការធ្វើផែនការយុទ្ធសាស្ត្ររយៈពេលវែង។
ក្រសួងកសិកម្ម និងបរិស្ថានបានរាយការណ៍ថា ចន្លោះពីខែមករា ដល់ខែតុលា វៀតណាមបានលក់កាហ្វេចំនួន ១,៣ លានតោន ទៅក្រៅប្រទេសក្នុងតម្លៃ ៧,៤១ ប៊ីលានដុល្លារ ដោយកើនឡើង ៦១,៨% ដែលនេះជាកំណើនតម្លៃប្រចាំឆ្នាំខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។
តម្លៃនាំចេញជាមធ្យមវិញ បានកើនដល់ ៥ ៦៥៣ ដុល្លារ/តោន ដោយកើនឡើង ៤២,៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
Vicofa បានកត់សម្គាល់ថា មុនឆ្នាំ ២០២០ តម្លៃកាហ្វេបានចុះទាបខ្លាំង ដែលធ្វើឱ្យកសិករកាត់បន្ថយដីដាំកាហ្វេរបស់ពួកគេ ដែលបណ្ដាលឱ្យការផ្គត់ផ្គង់ធ្លាក់ចុះ។
ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនកាហ្វេវៀតណាមបានបង្កើនការវិនិយោគលើខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយចីរភាព ដើម្បីកែលម្អគុណភាពស្របតាមស្តង់ដារអន្តរជាតិ។ ស្របពេលដែលការផ្គត់ផ្គង់សកលថយចុះ ហើយតម្រូវការបន្តកើនឡើង តម្លៃកាហ្វេបានហក់ឡើងកប់ពពក ដែលជំរុញឱ្យប្រាក់ចំណូលពីការនាំចេញរបស់វៀតណាម ឈានដល់កម្រិតកំណត់ត្រា។
