អ្នកដំណើរ ពីនាវា Odyssey ម្នាក់ទៀត ចេញមុខការពារកម្ពុជា ថែមទាំងពោលពាក្យសរសើរ និងបង្ហាញការដឹងគុណ
កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវាកម្សាន្តដ៏ប្រណីត Villa Vie Odyssey បានចាកចេញពីកម្ពុជា វិញហើយ ពោលគឺចេញទៅទាំងខ្លួនទទេ ក្រោយចូលសំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទុកឱ្យអ្នកដំណើរជាង ២០០នាក់ ត្រូវជាប់គាំង ហើយចែកផ្លូវរៀងខ្លួន។
អ្នកដំណើរខ្លះ បានសម្រេចជិះយន្តហោះទៅប្រទេសកំណើត ប៉ុន្តែអ្នកដំណើរខ្លះ ក៏សម្រេចបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់ និងដើរលេងកម្សាន្តជាបន្តទៀត ហើយអ្វីដែលធ្វើឱ្យពួកគេនឹកស្មានមិនដល់នោះ គឺ កម្ពុជា ជាប្រទេសសុវត្ថិភាព ពោរពេញដោយប្រជាជនរួសរាយរាក់ទាក់ មិនដូចការឃោសនា លាបពណ៌ សម្អុយឈ្មោះ នៅលើបណ្តាញសង្គម និងសារព័ត៌មានអន្តរជាតិមួយចំនួនឡើយ។
ជាក់ស្តែង លោកស្រី Sherrie Cornett មកពីរដ្ឋ Arizona សហរដ្ឋអាមេរិក បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលពេលមកឃើញស្រុកខ្មែរផ្ទាល់ភ្នែក ខុសពីអ្វីដែលលោកស្រី ធ្លាប់ឮតាមបណ្តាញសង្គម។
ឆ្លើយតបទៅសារព័ត៌មានក្រៅស្រុក ដែលខំផ្សាយអាក្រក់ពីកម្ពុជា លោកស្រីបានបញ្ចេញមតិនៅលើបណ្តាញសង្គមថា៖ ក្នុងនាមជាអ្នកដំណើរម្នាក់ ក្នុងចំណោមអ្នកដំណើរដែលជាប់គាំងដទៃទៀត ខ្ញុំពិតជាតក់ស្លុត និងហួសចិត្តយ៉ាងខ្លាំង នៅពេលបានឃើញចំណងជើងព័ត៌មានបែបនេះ។ យើងទាំងអស់គ្នាត្រូវបានគេទទួលបដិសណ្ឋារកិច្ច និងរាប់អានដោយគ្មានអ្វីក្រៅពីក្តីសប្បុរស និងទឹកចិត្តសប្បុរសធម៌ដ៏ស្មោះសរនោះឡើយ»។
លោកស្រីបន្តថា៖ «ការគាំទ្រ និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺពិតជាអស្ចារ្យបំផុត។ ខ្ញុំមិនគិតថា យើងអាចទទួលបានការមើលថែ និងការបារម្ភក្នុងកម្រិតខ្ពស់បែបនេះ នៅកន្លែងណាមួយផ្សេងទៀត លើពិភពលោកនោះទេ។ និយាយដោយស្មោះ ខ្ញុំមិនដែលរំពឹងថា នឹងទទួលបានការយកចិត្តទុកដាក់ និងមានសុវត្ថិភាពខ្លាំងបែបនេះ នៅទីណាដែលខ្ញុំធ្លាប់បានទៅពីមុនមកឡើយ»។
តាមការលើកឡើងរបស់លោកស្រី, ប្រជាជនកម្ពុជា បានទទួលរ៉ាប់រង និងរាប់អានពួកយើងដូចជាក្រុមគ្រួសារតែមួយ។ ខ្ញុំនឹងចងចាំ និងដឹងគុណជានិច្ចជារៀងរហូត។ ខ្ញុំ និងមិត្តភក្តិបានសម្រេចចិត្តពន្យារពេលស្នាក់នៅបន្ត ដើម្បីដើរកម្សាន្ត និងស្វែងយល់បន្ថែមអំពីប្រទេសដ៏ស្រស់ស្អាតមួយនេះ ព្រមទាំងដើម្បីរាប់អានប្រជាជន ដែលមានទឹកចិត្តដ៏ល្អប្រពៃទាំងនេះ។ ប្រទេសតូចមែន តែមានបេះដូង មហាសាល!
ប្រភព៖ បណ្តាញសង្គម



