កម្ពុជា-អូស្ត្រាលី ពង្រឹងកិច្ចសហការលើការអភិវឌ្ឍជំនាញបម្រើឧស្សាហកម្មយានយន្ត

លោក​ ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បាន​ទទួល​ជួប​តំណាង​វិទ្យាស្ថាន BKI ដែល​មានមូលដ្ឋាននៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដើម្បី​ពិភាក្សាកិច្ច​សហប្រតិបត្តិការលើការអភិវឌ្ឍជំនាញបច្ចេកទេស សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត មុន​នឹង​វិទ្យាស្ថាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​មជ្ឈមណ្ឌលឧត្តមភាពយានយន្តរបស់ខ្លួន។

វិទ្យាស្ថាន BKI ដែលជាស្ថាប័នជំនាញលើការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឈានមុខមួយរបស់ប្រទេសអូស្ត្រាលី បានបង្ហាញពីគម្រោងមជ្ឈមណ្ឌលឧត្តមភាពយានយន្តរបស់ខ្លួននៅកម្ពុជា ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយ​យកជា​គំរូតាមមជ្ឈមណ្ឌលរបស់ខ្លួននៅប្រទេសឥណ្ឌា និងនៅទីក្រុងមែលប៊ន។

លោក ហែម វណ្ណឌី បាន​លើកឡើង​អំពីចក្ខុវិស័យរបស់ក្រសួង ក្នុងការ​តម្រង់​ទិសការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ឱ្យស្រប​តាម​តម្រូវការ​ឧស្សាហកម្មរបស់កម្ពុជា ដោយផ្តោតលើវិស័យអាទិភាពដូចជាការកែច្នៃអាហារ យានយន្ត អេឡិចត្រូនិច និងវិស័យថ្មីៗដូចជាបច្ចេកវិទ្យាជីវសាស្ត្រជាដើម។

លោក​រដ្ឋមន្ត្រី​បានលើកឡើងពីឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសារៈសំខាន់នៃសាលា TVET ក្នុងការផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញឯកទេសសម្រាប់វិស័យជាក់លាក់ ជាជាងតែកម្មវធីបណ្តុះបណ្តាលជំនាញទូទៅ។

បន្ថែម​ជា​មួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី ហែម វណ្ណឌី បានស្នើកិច្ចសហប្រតិបត្តិការមួយចំនួន រួមទាំង​ការ​ប្រើប្រាស់​មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​ជា​គំរូ​សម្រាប់​វិស័យ​យុទ្ធសាស្ត្រ​ផ្សេងទៀត ការសហការ​ជា​មួយ​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​កម្ពុជា ដើម្បី​ពង្រឹង​ការ​បណ្តុះបណ្តាលក្នុងឧស្សាហកម្ម ព្រមទាំងគាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​សហគ្រាស​ធុន​តូច និងមធ្យម និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង២០ម៉ឺននាក់ដែលបានចុះឈ្មោះ ហើយដែល​នឹងទទួលបានប័ណ្ណឥណទានអភិវឌ្ឍជំនាញនាពេលខាងមុខ។

តំណាងវិទ្យាស្ថាន BKI បានបង្ហាញចំណាប់អារម្មណ៍គាំទ្រចំពោះសំណើ និងភាពជាដៃគូកាន់តែស៊ីជម្រៅនេះ ដោយបានលើកឡើងថា ភាពជោគជ័យនៃមជ្ឈមណ្ឌលឧត្តមភាពយានយន្ត នឹងត្រូវបានពង្រីកសម្រាប់ជាគំរូនាពេលអនាគត។

វិទ្យាស្ថានបានការគាំទ្រពីក្រសួងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនផលិត និងសហគ្រាសធុនតូច និងមធ្យម ដើម្បីកាត់បន្ថយតម្រូវការនៃការនាំចូលកម្លាំងពលកម្មជំនាញពីបរទេស និងសិក្សាការអភិវឌ្ឍជំនាញថាមពលស្អាតក្នុងវិស័យរថយន្តអគ្គិសនី អ៊ីដ្រូសែន និងបច្ចេកវិទ្យាពន្លឺព្រះអាទិត្យ។

ភាគីទាំងពីរបានបង្ហាញទំនុកចិត្តថា មជ្ឈមណ្ឌលឧត្តមភាពយានយន្តនេះ នឹងក្លាយជាជំហានដំបូងដ៏សំខាន់ឆ្ពោះទៅភាពជាដៃគូក្នុងការអភិវឌ្ឍជំនាញកាន់តែទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង