លោក ឃួង ស្រេង ត្រូវបានប្រកាសតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន រាជធានីភ្នំពេញ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អ.ន.ក បានជំរុញឲ្យប៉ុស្តិ៍ និងសង្កាត់យកចិត្តទុកដាក់ដល់អតីតយុទ្ធជន និងវិវត្តជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ ដើម្បីទទួលបាននូវព័ត៌មានពិតច្បាស់លាស់ នៅពេលមានបញ្ហាអ្វីមួយយើងអាចទាក់ទងជួយពួកគាត់បានភ្លាមៗ។
ការជំរុញរបស់លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានធ្វើឡើងនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ពិធីនេះ បានប្រកាសតែងតាំងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការ អ.ន.ក រាជធានីភ្នំពេញ, លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ជាអនុប្រធានកិត្តិយសគណៈកម្មាធិការ អ.ន.ក រាជធានី, លោកស្រី តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធាន, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនរគបាលរាជធានីភ្នំពេញ ជាអនុប្រធានប្រចាំការ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអនុប្រធាន និងសមាជិកជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងថា អតីតយុទ្ធជន និងនិវត្តជន ពួកគាត់ពិតជាបានលះបង់ធំធេងណាស់ សម្រាប់ជាតិមាតុភូមិ ដូច្នេះហើយទើបសម្ដេចតេជោ ហ៊ុន សែន បង្កើតឱ្យមានសមាគមន៍នេះឡើង គឺដើម្បីឱ្យយើងជួយមើលថែរចិញ្ចឹមពួកគាត់។ បន្ថែមពីនេះ លោកបានណែនាំឲ្យប៉ុស្តិ៍ សង្កាត់ បើមានអតីតយុទ្ធជន និងនិវត្តជនណាម្នាក់ស្លាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចូលរួមបុណ្យសពរបស់គាត់ដល់ផ្ទះ។
លោកបានបន្តថា រាជធានីភ្នំពេញ មានទំហំធំណាស់ ដូច្នេះការងារពាក់ព័ន្ធនឹងអតីតយុទ្ធជន និងវិវត្តជន ក៏មានទំហំការងារធំណាស់ដែរ ដោយនៅរាជធានីភ្នំពេញមានអតីតយុទ្ធជននិងនិវត្តជន រហូតទៅដល់ជិត៤ម៉ឺននាក់ ហើយកិច្ចការងារនេះគឺសម្ដេចព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់។ លោកកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា ការរៀបចំពិធីប្រកាសសមាសភាព គណៈកម្មាធិការរាជធានី គឺជាការជំរុញបន្ថែមទៀត នូវការសម្របសម្រួល និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំសមាគមរាជធានី ជូនអតីយុទ្ធជននិងនិវត្តជនក្នុងមូលដ្ឋានរបស់ខ្លួន។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានបន្តថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់គិតគូរ ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានក្នុងការលះបង់ ដើម្បីបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងថា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរ ចំពោះជីវភាព រស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានកោតសរសើរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខអតីតយុទ្ធជន និងវិវត្តជន នៅរាជធានីភ្នំពេញ និងចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការខណ្ឌ និងរដ្ឋបាលខណ្ឌទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់មើលថែរអតីតយុទ្ធជន នៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ បន្ថែមពីលើនេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយ ចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជន ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។
លោក ឃួង ស្រេង ដែលទើបទទួលបានការតែងតាំងថ្មី ក្នុងឱកាសនោះ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ទំនុកចិត្តតែងតាំងលោក បានធ្វើជាប្រធានគណៈកម្មាធិការ អ.ន.ក រាជធានីភ្នំពេញ។ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន នោះ លោក ឃួង ស្រេង សូមប្តេជ្ញាចិត្តគោរពតាមការសម្រេចចិត្តរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យរីកចម្រើនបន្ថែមទៀត។
ប្ដេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់សមាគម, យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាព និងជីវភាពរបស់សមាជិក ផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិកដែលបានទទួលមរណភាពឲ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្ដល់សម្ភារបរិក្ខារមួយចំនួន ដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ សម្រាប់បម្រើការងារ ហើយលោក ឃួង ស្រេង ក៏បានឧបត្ថម្ភថវិកាដល់អតីតយុទ្ធជន និងវិវត្តជននៅរាជធានីភ្នំពេញ ក្នុងម្នាក់១០ម៉ឺនរៀលផងដែរ៕
