ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា បានរាលដាលឈានដល់ការបាញ់ធ្លាយចូលដីថៃ ធ្លាក់គ្រាប់ត្រូវសាលារៀនក្នុងខេត្ត Tak បង្ខំឲ្យសិស្ស៣៤៥នាក់ ជម្លៀសជាបន្ទាន់
ស្ថានការណ៍នៅព្រំដែនថៃជាប់មីយ៉ាន់ម៉ា កំពុងវឹកវរខ្លាំង ដោយការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា បានរាលដាលឈានដល់ការបាញ់ធ្លាយចូលដីថៃ ធ្លាក់គ្រាប់ត្រូវសាលារៀនក្នុងខេត្ត Tak បង្ខំឲ្យសិស្ស៣៤៥នាក់ ជម្លៀសជាបន្ទាន់។
តាមការផ្សាយរបស់ Amarin កាលពីថ្ងៃសុក្រទី២១ខែវិច្ឆិកាឆ្នាំ២០២៥ ទាហានមីយ៉ាន់ម៉ានិងក្រុមឧទ្ទាម បានបាញ់តដៃគ្នាយ៉ាងស្វិតស្វាញនៅក្បែរព្រំដែនថៃ ធ្វើឲ្យគ្រាប់កាំភ្លើងបាញ់ធ្លាយចូលដល់ស្រុកMae Sot ប៉ះត្រូវសាលារៀន Ban Mae Kon Kaen បង្ខំឲ្យមានការជម្លៀសសិស្សយ៉ាងប្រញាប់។
សាលារៀននេះមានចម្ងាយត្រឹមតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីសមរភូមិនៅមីយ៉ាន់ម៉ា ក្នុងស្រុកMyawaddy នៃរដ្ឋ Karen។ យ៉ាងណា មិនមានរបាយការណ៍អំពីជនរងគ្រោះទេ។
ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា តែងតែរាលដាលចូលដីថៃ ហើយសូម្បីតែយុទ្ធនាការកម្ចាត់ក្រុមឧក្រិដ្ឋកម្មអនឡាញ ក៏ប៉ះពាល់ដីថៃផងដែរ។
ជាក់ស្តែង កាលពីថ្ងៃពុធទី១៩ខែវិច្ឆិកា គ្រាប់ផ្លោងមីយ៉ាន់ម៉ា បានហោះធ្លាយទៅចំផ្ទះពលរដ្ឋថៃ ៥ខ្នងទៀត ក្នុងស្រុក Mae Sot នៃខេត្ត Tak ដដែលនេះ។
កងទ័ពមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកនិងបាញ់ផ្លោងចូលតំបន់សេដ្ឋកិច្ចពិសេស KK Park ក្នុងស្រុក Myawaddy នៃរដ្ឋ Karen អស់រយៈពេលជាងមួយខែមកហើយ។
យ៉ាងណា យុទ្ធនាការថ្មីៗនេះ គឺធំឡើងៗ ព្រោះកងទ័ពបានបង្កើនការវាយប្រហារកម្ទេចអគារជាច្រើនរួមទាំងកន្លែងហាត់ប្រាណ មន្ទីរពេទ្យ ស្ប៉ា និងខារ៉ាអូខេផងដែរ ដែលជឿថា ក្រុម Scammer ប្រើប្រាស់ជាជម្រកធ្វើប្រតិបត្តិការខុសច្បាប់៕
