ក្រសួងបរិស្ថានថ្កោលទោស ចំពោះបុគ្គលបោះសំរាមចោលក្នុងទឹកស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មានមួយចំនួន ស្តីពីសកម្មភាពរបស់បុគ្គលចំនួន២នាក់ ដោយម្នាក់ជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ដឹកស្បោងសំរាម សំណល់រឹង និងបុគ្គលម្នាក់ទៀត បានយកសំរាមក្នុងស្បោងសំរាមជាច្រើននៅលើរ៉ឺម៉ក បោះចូលទៅក្នុងស្ទឹងព្រែកត្នោត ចំណុចស្ពានព្រែកហូរ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល។

ករណីនេះនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន។ ក្រសួងបរិស្ថានសូមធ្វើការថ្កោលទោស ចំពោះបុគ្គល ដែលបានបោះសំរាមចោលក្នុងទឹកស្ទឹងព្រែត្នោត ជាមួយគ្នានេះក្រសួងបរិស្ថាន ស្នើសុំការអន្តរាគមន៍ពីរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ ចំពោះអ្នកដែលបានប្រព្រឹត្តល្មើសច្បាប់។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំពោះករណីខាងលើនេះ ក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលក្រុងតាខ្មៅ និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរកបុគ្គល ដែលបានប្រព្រឹត្តល្មើសច្បាប់ យកមកធ្វើការអប់រំ និងចាត់ការតាមនីតិវិធីច្បាប់។

យោងតាមប្រសាសន៍អ្នកនាំពាក្យបុគ្គលបោះចោលសំរាមផ្តេសផ្តាស់ ចូលទៅក្នុងទន្លេ បានប្រព្រឹត្តល្មើសច្បាប់ ជាមួយអនុក្រឹត្យលេខ១១៣ ស្តពី «ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន»។ ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា២៣០ ចំណុច១ ហាមឃាត់បណ្ដាច់ខាតការចោលសម្រាប់ប្លាស្ទិកនៅតាមផ្លូវទីសាធារណៈ ទីវាល ប្រព័ន្ធលូ ប្រភពទឹកសាធារណៈ។ មាត្រា២១៨ ត្រង់ចំណុច១ នៃក្រមបរិស្ថាននិងធនធានធម្មជាតិក៏មានចែង ហាមឃាត់ដាច់ខាតការបោះចោលសំរាម សំណល់រឹងទីប្រជុំជន នៅតាមដងផ្លូវ ទីសាធារណៈ និងទីវាល ប្រព័ន្ធទឹកលូប្រឡាយទឹក ប្រភពទឹកសាធារណៈ ឬក្នុងដីកម្មសិទ្ធិ ដែលមិនត្រូវបានអនុញ្ញាត ជាកន្លែងស្តុកទុកសំរាមជាបណ្ដោះអាសន្ន ឬជាកន្លែងទុកដាក់ចុងក្រោយ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន សូមធ្វើការគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរ ដែលមានការទទួលខុសត្រូវខ្ពស់ និងបានអនុវត្តច្បាប់ ធ្វើការផាកពិន័យនិងទោសទណ្ឌ ចំពោះបុគ្គលដែលបានបោះសំរាម ចោលទៅក្នុងទន្លេក្នុងភូមិសាស្រ្តរបស់ខ្លួន។ ក្រសួងបរិស្ថានស្នើឱ្យសាធារណជន បញ្ឈប់ការដឹកសំណល់រឹង ទៅចោលផ្តេសផ្តាស់ ដូចជាបោះចូលទៅក្នុងប្រព័ន្ធទឹកសាធារណៈ ដែលនាំឱ្យមានការបំពុលទឹក បំពុលដី និងខ្យល់អាកាស ដូចករណីខាងលើជាបន្តទៀត។ ក្នុងពេលនេះដែរ ក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំរាមចោល ពាសវាលពាសកាល កុំដុតសំរាម ដុតប្លាស្ទិក ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពសាធារណៈ និងសោភណភាពទីក្រុង ឬទីប្រជុំជន។

ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងចូលរួមយុទ្ធនាការ«ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក » ដើម្បី រួមគ្នាការពារបរិស្ថាន ជំរុញឱ្យកម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាមានភាពស្អាត គ្មានការបំពុលដោយសំរាម និងសំណល់ប្លាស្ទិក៕

អត្ថបទដែលជាប់ទាក់ទង