ពលរដ្ឋភៀសសឹកនៅស្រុកស្រីស្នំ ខេត្តសៀមរាប ទទួលបានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា
(សៀមរាប)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះពាំននាំអំណោយប្រគល់ជូនគ្រួសារយោធិន និងប្រជាជនភៀសសឹក ក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅវត្តប្រាសាទបូទុមមោង ស្ថិតភូមិមោង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រោមព្រះវត្តមានសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម, មហាឧបាសិកា ខៀវ ស៊ីណា ជា ចាន់តូ។
ក្នុងឱកាសនេះលោកស្រីបណ្ឌិត ជា សិរី បាននាំនូវការផ្ដាំផ្ញើសួរសុខទុទ្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត រួមទាំងថ្នាក់ដឹកទាំងអស់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកកាន់តំបន់នេះ ដោយសារកងទ័ពថៃឈ្លានពាន បានបាញ់ប្រហារទាំងកម្រោលមកលើកម្ពុជា
មិនរើសគោលដៅ ។
លោកស្រីបណ្ឌិតក៏បានសម្ដែងការសោកស្ដាយ ចំពោះប្រជាពលរដ្ឋខ្លះ ដែលបានរងការខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែងដោយសារការផ្លោងគ្រាប់ពីយោធាថៃ ។
លោកស្រីបណ្ឌិត បានស្នើសុំឱ្យប្រជាពលរដ្ឋភៀសសឹកទាំងអស់ ស្នាក់នៅមណ្ឌលសុវត្ថិភាពនេះ រក្សាអនាម័យដោយហូបស្អាត ផឹកស្អាត បើមានបញ្ហាសុខភាពសូមរកក្រុមគ្រូពេទ្យដែលប្រចាំការជួយដល់បងប្អូននៅទីនេះ ពិសេសសូមថែរក្សាផ្លូវចិត្តឱ្យបានល្អ ព្រោះថ្នាក់ដឹកនាំយើងនឹងនៅជាមួយបងប្អូនជានិច្ច ។
អំណោយដែលប្រគល់ជូននៅពេលនេះរួមមាន ភួយ២ពាន់ភួយ, ទឹកត្រី១ពាន់យួរ ទឹកស៊ីអ៊ីវ ២៣០០យួរ,ស្ករស អំបិល២ពាន់យួរ, មី២រយកេស ,អង្ករ ៣០តោន,តង់, ត្រីងៀត ,សាច់ក្រក៦រយគីឡូក្រាម, សាប៊ូ, ឆៃពៅ, ត្រីខ ,អាវរងា, ទឹកសុទ្ធ ,សាច់ជ្រូកផាត់និង ថវិកាមួយចំនួនផងដែរ ៕
