ម៉ាឡេស៊ី ព្រមានពលរដ្ឋខ្លួននៅកម្ពុជា កុំធ្វើដំណើរទៅព្រំដែនជាប់ថៃ ដើម្បីសុវត្ថិភាព
ក្រោយពេលថៃបើកការឈ្លានពានកម្ពុជាជាថ្មី បង្ខំឲ្យកម្ពុជាអស់ការអត់ធ្មត់ឈានដល់ការឆ្លើយតប មានប្រទេសជាច្រើនបានបង្ហាញក្តីបារម្ភ និងដាក់បម្រាមធ្វើដំណើរដល់ពលរដ្ឋខ្លួនទៅកន្លែងមានហានិភ័យ ហើយពេលនេះ សូម្បីម៉ាឡេស៊ី ក៏ព្រមានផងដែរឲ្យជនជាតិរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ចៀសវាងការធ្វើដំណើរទៅកាន់ខេត្តជាប់ព្រំដែនថៃ ដើម្បីសុវត្ថិភាព។
តាមការផ្សាយរបស់ The Star នៅថ្ងៃព្រហស្បតិ៍ទី១១ខែធ្នូឆ្នាំ២០២៥, ស្ថានទូតម៉ាឡេស៊ីប្រចាំនៅរាជធានីភ្នំពេញបានចេញសេចក្តីណែនាំសម្រាប់ពលរដ្ឋរបស់ខ្លួននៅកម្ពុជា ដោយនិយាយថា៖ «យោងតាមស្ថានការណ៍រវាងកម្ពុជានិងថៃ ពលរដ្ឋម៉ាឡេស៊ីដែលកំពុងស្នាក់នៅកម្ពុជា ត្រូវបានណែនាំឲ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ទៅកាន់តំបន់មួយចំនួន។ សូមចៀសវាងការធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ រហូតដល់មានការជូនដំណឹងបន្ថែម។ ពលរដ្ឋម៉ាឡេស៊ីនៅកម្ពុជា ក៏ត្រូវបានណែនាំឲ្យបន្តតាមដានព័ត៌មានតាមរយៈប្រភពដែលអាចទុកចិត្តបានផងដែរ»។
ក្រៅពីម៉ាឡេស៊ី ប្រទេសជាច្រើនទៀតក៏បានចេញការព្រមានធ្វើដំណើរដូចគ្នានេះដែរជាពិសេសសហរដ្ឋអាមេរិក ដែលប្រកាសឲ្យពលរដ្ឋខ្លួនចៀសវាងរាល់ការធ្វើដំណើរ ក្នុងរង្វង់៥០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ ដោយសារតែសកម្មភាពប្រយុទ្ធគ្នា និងស្ថានភាពសន្តិសុខដែលមិនអាចទាយទុកជាមុនបាន។
ចំណែក ចក្រភពអង់គ្លេសក៏ណែនាំឲ្យចៀសវាងរាល់ការធ្វើដំណើរដែលមិនចាំបាច់ក្នុងរង្វង់ ៥០ គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ ដូចគ្នានេះដែរ។
សូមជម្រាបជាថ្មី ជម្លោះព្រំដែនកម្ពុជា-ថៃដែលផ្ទុះឡើងថ្មីនេះ គឺផ្តើមចេញពីការឈ្លានពានឥតឈប់ឈរពីសំណាក់ភាគីថៃ ហើយថៃ គឺជាអ្នកបាញ់មកលើកម្ពុជាមុន។
កម្ពុជាបានអត់ធ្មត់កម្រិតខ្ពស់បំផុតរយៈពេល២៤ម៉ោង ដោយមិនតបតឡើយ ប៉ុន្តែថៃមិនព្រមឈប់នៅតែវាយប្រហារមកលើកម្ពុជា ទើបកម្ពុជា ប្រើសិទ្ធិការពារខ្លួន ដើម្បីវាយបកតបតទៅវិញ៕

