ក្រសួងការពារជាតិ ច្រានចោលការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath ដែលចោទប្រកាន់ថាកម្ពុជា ត្រៀមរៀបចំប្រើប្រាស់រ៉ុក្កែត PHL-03 ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានច្រានចោលការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath ដែលបានចោទប្រកាន់ថាកម្ពុជា កំពុងត្រៀមរៀបចំប្រើប្រាស់រ៉ុក្កែត PHL-03 ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។
កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា៕
