លោក គីម ជុងអ៊ុន សាទរសមិទ្ធផលក្នុងឆ្នាំ២០២៥ របស់កូរ៉េខាងជើង រួមទាំងការបញ្ជូនកងទ័ពធ្វើប្រតិបត្តិការនៅក្រៅប្រទេស
(ព្យុងយ៉ាង)៖ នាថ្ងៃសុក្រនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសាទរសមិទ្ធផលនៃប្រទេសរបស់លោក ក្នុងឆ្នាំ២០២៥នេះ ដែលរួមមានទាំងការបញ្ជូនកងទ័ពទៅចូលរួមធ្វើប្រតិបត្តិការនៅឯក្រៅប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងសប្តាហ៍នេះ លោក គីម បានធ្វើជាអធិបតីនៃកិច្ចប្រជុំសំខាន់មួយរបស់គណបក្សកាន់អំណាចនៅកូរ៉េខាងជើង ដើម្បីកត់សម្គាល់ពីផែនការគោលនយោបាយ និងការអនុវត្តផែនការទាំងនោះ ស្របពេលដែលប្រទេសកូរ៉េខាងជើង ត្រៀមលក្ខណៈរៀបចំសមាជបក្សលើកទី៩ នៅអំឡុងដើមឆ្នាំក្រោយ។
បើតាម KCNA លោក គីម បានធ្វើការកត់សម្គាល់ថា កូរ៉េខាងជើងបានមើលឃើញសន្ទុះរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស ហើយបានបង្កើនទ្វេដងនូវសមត្ថភាពពឹងពាក់លើខ្លួនឯង ក្នុងឆ្នាំ២០២៥នេះ។ KCNA បាននិយាយថា ជាឧទាហរណ៍មួយ នៃសមិទ្ធផលរបស់ប្រទេសកូរ៉េខាងជើងក្នុងឆ្នាំនេះ លោក គីម បានលើកឡើងថា «ទាហានចម្រុះនៃយោធារបស់យើង បានចូលរួមក្នុងប្រតិបត្តិការយោធានៅក្រៅប្រទេស ដើម្បីបង្ហាញពីកេរ្តិ៍ឈ្មោះរបស់យោធាយើង»។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចុះកិច្ចព្រមព្រៀងជួយការពារគ្នាទៅវិញទៅមក ហើយកូរ៉េខាងជើងបានបញ្ជូនកងទ័ព គ្រាប់រំសេវ និងមីស៉ីល ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីគាំទ្រសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន៕
