ប្រធានាធិបតីកូរ៉េខាងត្បូង សម្ដែងក្ដីបារម្ភចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ
(កូរ៉េ)៖ លោក លី ជេម្យ៉ង់ ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវក្តីបារម្ភចំពោះជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជា-ថៃ ក្នុងពេលថ្មីៗនេះ និងសង្ឃឹមថា ប្រទេសទាំងពីរអាចត្រលប់មកតុចរចា ដោះស្រាយជម្លោះតាមសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
ការបង្ហាញយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានចូលជួបប្រគល់សារតាំងជូនលោក លី ជេម្យ៉ង់ ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េខាងត្បូង ជាមួយបណ្តាអង្គទូតមកពីប្រទេសចំនួន ៧ផ្សេងទៀត នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ លោកឯកអគ្គរាជទូត បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ជូនដល់លោកប្រធានាធិបតីលី និងប្រជាជនកូរ៉េផងដែរ។ លោកឯកអគ្គរាជទូត បានលើកឡើងថា កម្ពុជាតែងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េ លើគ្រប់វិស័យ ដែលបានបំរើដល់ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរកន្លងមក។
លោក ឃួន ផុនរតនៈ បានសម្តែងនូវមោទកភាពដែលមានឱកាសមកបំពេញបេសកកម្មក្នុងប្រទេសកូរ៉េ ដែលជាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ព្រមទាំងមានប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏សំបូរបែប។ លោកបានធ្វើការប្តេជ្ញាចិត្តថា នឹងខំប្រឹងប្រែងឱ្យអស់លទ្ធភាពបន្តពង្រឹងទំនាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកប្រធានាធិបតីលី បានសម្តែងការស្វាគមន៍ចំពោះលោក ឃួន ផុនរតនៈ ដែលបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងសហការបានយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ។ បន្ថែមពីនេះ លោកប្រធានាធិបតីបានសម្តែងនូវក្តីបារម្ភចំពោះជម្លោះប្រដាប់អាវុធ និងភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃក្នុងពេលថ្មីៗនេះ ដោយសង្ឃឹមថា ប្រទេសទាំងពីរអាចត្រលប់មកតុចរចា ដោះស្រាយជម្លោះតាមសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕
