យោធាអាមេរិក បានប្រកាសថា កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារលើទូក៣គ្រឿងទៀត នៅក្នុងដែនទឹកអន្តរជាតិ ផ្តាច់ជីវិតបុរស៨នាក់
(វ៉ាស៉ីនតោន)៖ យោធាអាមេរិក នាថ្ងៃចន្ទ ទី១៥ ខែធ្នូ បានប្រកាសថា កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារលើទូក៣គ្រឿងទៀត នៅក្នុងដែនទឹកអន្តរជាតិ ផ្តាច់ជីវិតបុរស៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យោធាអាមេរិកបាននិយាយថា ផ្អែកលើការផ្ទៀងផ្ទាត់ជាមួយព័ត៌មានចារម្ម ទូកទាំង៣គ្រឿងខាងលើ បានធ្វើដំណើរឆ្លងកាត់ច្រកផ្លូវដែលគេស្គាល់ច្បាស់ថា ជាច្រកជួញដូរគ្រឿងញៀន នៅតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក ហើយទូកទាំងនោះ បានធ្វើសកម្មភាពជួញដូរគ្រឿងញៀនផ្ទាល់។
គិតមកទល់ពេលនេះ សហរដ្ឋអាមេរិក បានវាយប្រហារលើទូកសរុបលើស២០គ្រឿង នៅមហាសមុទ្រប៉ាស៉ីហ្វិក និងនៅសមុទ្រ Caribbean ក្បែរប្រទេសវ៉េណេស៊ុយអេឡា ក្រោមយុទ្ធនាការយោធា ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាបផ្តើមឡើងកាលពីខែកញ្ញា ដើម្បីប្រឆាំងសកម្មភាពរត់ពន្ធគ្រឿងញៀន នៅក្នុងតំបន់។
គួរបញ្ជាក់ថា ជនសង្ស័យរត់ពន្ធគ្រឿងញៀន សរុបយ៉ាងហោច៩០នាក់ហើយ ត្រូវបានសម្លាប់ក្នុងយុទ្ធនាការយោធារបស់អាមេរិក។ រដ្ឋបាលលោក ត្រាំ បានព្យាយាមការពារភាពស្របច្បាប់នៃការវាយប្រហារទាំងនេះ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់មួយចំនួន កន្លងមកបានលើកឡើងថា វាស្មើទៅនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធយុត្តិធម៌៕
