ទីបំផុត ត្រាំ សម្រេចបានកិច្ចព្រមព្រៀងកោះ Greenland ជាមួយ ដាណឺម៉ាក ហើយ
បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ គំរាមហើយគំរាមទៀតថា នឹងកាត់យកកោះ Greenland ដល់ថ្នាក់បង្ហើបពីជម្រើសប្រើយោធាទៀតផងនោះ ទីបំផុត ប្រមុខសេតវិមានប្រកាសថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយ ដែនកោះរបស់ដាណឺម៉ាក មួយនេះហើយ ដោយក្នុងនោះ ទីក្រុងវ៉ាស៊ីនតោន នឹងធានាការគ្រប់គ្រងលើសន្តិសុខដែនដីអាកទិកនេះ ជាអចិន្ត្រៃយ៍។

ក្នុងសេចក្តីប្រកាសបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ និងយកមកផ្សាយបន្តដោយ BBC នៅថ្ងៃសៅរ៍ លោកត្រាំ អះអាងថា៖ កិច្ចព្រមព្រៀងនេះ ធ្វើឡើងដោយ មិនមានការចំណាយប្រាក់អ្វីទាំងអស់ សម្រាប់សហរដ្ឋអាមេរិក ហើយនឹងផ្តល់សមត្ថភាពឱ្យអាមេរិក ធ្វើគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានា និងការពារសន្តិសុខកោះ Greenland។
ដ្បិតមិនបញ្ជាក់លម្អិត ប៉ុន្តែមានសេក្តីរាយការណ៍ថា ក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក នឹងចាប់ផ្តើមបង្កើនវត្តមានយោធាអចិន្ត្រៃយ៍ កាន់តែធំ នៅតាមតំបន់សមស្របនានា ទូទាំង Greenland ខណៈក្រសួងសង្គ្រាមអាមេរិក កំពុងគិតគូរ បើកបន្ទាយទ័ពថ្មីចំនួន៣ នៅភាគខាងត្បូងកោះនេះ Greenland បន្ថែមលើមូលដ្ឋានទ័ពអវកាស Pituffik ដែលមានស្រាប់នៅភាគពាយ័ព្យ។

កិច្ចព្រមព្រៀងនេះ គឺជាសន្ធិសញ្ញាការពារជាតិ ដែលគ្មានថ្ងៃផុតកំណត់ ពោលគឺផ្តល់ឱ្យសហរដ្ឋអាមេរិក នូវសិទ្ធិចូលប្រើប្រាស់ បង្កើតមូលដ្ឋានទ័ព និងហោះហើរឆ្លងកាត់ជាអចិន្ត្រៃយ៍ ដែលនឹងនៅតែមានសុពលភាព ទោះ Greenland ទទួលបានឯករាជ្យពេញលេញ ពីដាណឺម៉ាក នាពេលខាងមុខក៏ដោយ។
អ្វីដែលសំខាន់មួយទៀត ក្នុងកិច្ចព្រមព្រៀងនេះគឺថា ប្រទេសដែលមិនមែនជាសមាជិកអង្គការ ណាតូ ពិសេសរុស្ស៊ី និងចិន គឺត្រូវបានហាមឃាត់ទាំងស្រុង មិនឱ្យបញ្ជូនទ័ព បង្កើតមូលដ្ឋានយោធា ឬធ្វើការវិនិយោគអ្វីឡើយ នៅ Greenland បើគ្មានការយល់ព្រមពីអាមេរិក។
ជុំវិញរឿងនេះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen ក៏បញ្ជាក់ដែរថា កិច្ចព្រមព្រៀងនឹងត្រូវចុះហត្ថលេខានៅឯ មហាសន្តិបាតអង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ។ វាជាការឯកភាពដើម្បីពង្រឹងសន្តិសុខនៅតំបន់អាកទិក និងអាត្លង់ទិកខាងជើង។

សូមជម្រាបជាថ្មី Greenland គឺជាកោះធំជាងគេបំផុតលើពិភពលោក ដែលមានទីតាំងនៅជិតទ្វីបអាមេរិកខាងជើង ចន្លោះមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រអាកទិក ដោយមានប្រជាជន ៥៧ ០០០ នាក់ និងផ្ទៃដីប្រមាណ ២.១៦ លានគីឡូម៉ែត្រការ៉េ។
ក្រោពីជាភូមិសាស្រ្តនយោបាយដ៏សំខាន់ជាអន្តរជាតិ Greenland ក៏សម្បូរទៅដោយធនធានធម្មជាតិ យ៉ាងក្រាស់ក្រែលផងដែរ ដូច្នេះហើយទើបលោក ត្រាំ ចិញ្ចឹមចិត្តចង់បានកោះនេះណាស់ តាំងពីចូលកាន់អំណាចនៅអាណត្តិថ្មីមក៕

